ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក អេដ័រដូ អាណូ (Eduardo Ano) បាននិយាយនៅថ្ងៃសុក្រ (១២ កក្កដា) នេះថា ហ្វីលីពីន បដិសេធរាល់ការប៉ុនប៉ងដើម្បីធ្វើឱ្យខូចផលប្រយោជន៍ជាតិរបស់ខ្លួន ជាពិសេសដោយការប្រើកម្លាំងនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

ហ្វីលីពីន និងចិន បានចោទដាក់គ្នាទៅវិញទៅមកជាច្រើនខែអំពីសកម្មភាពដ៏គ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងនាវារបស់ពួកគេនៅឯថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាដែនទឹកនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ទីក្រុងម៉ានីល ក្នុងសមុទ្រចិនខាងត្បូង។

លោក អាណូ បាននិយាយក្នុងវេទិការំលឹកខួបលើកទី៨ នៃសេចក្តីសម្រេចរបស់តុលាការមជ្ឃត្តកម្មអចិន្ត្រៃយ៍ ដែលច្រានចោលការទាមទារដែនសមុទ្ររបស់ចិនថា «យើងបដិសេធរាល់ការប៉ុនប៉ងបង្កផលប៉ះពាល់ដល់ភ្នាក់ងារយុទ្ធសាស្រ្តរបស់យើង ជាពិសេសដោយការប្រើប្រាស់កម្លាំង ដែលស្វះស្វែងរកការបង្ខិតបង្ខំ និងធ្វើឱ្យខូចខាតផលប្រយោជន៍ជាតិរបស់ហ្វីលីពីន»។
សហភាពអឺរ៉ុប (EU) បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីប្រារព្ធខួបនៃសេចក្តីសម្រេចសមុទ្រចិនខាងត្បូងនោះ ដោយនិយាយថា ភាគីទាំងអស់ត្រូវតែ «គោរព និងផ្តល់កិត្តិយសដល់សេចក្តីសម្រេច» ដែលជា «កាតព្វកិច្ចស្របច្បាប់»។ ប្រទេសចិន បានស្តីបន្ទោសសហភាពអឺរ៉ុបចំពោះសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយនិយាយថា ការលើកឡើងនោះមិនអើពើនឹងការពិតជាប្រវត្តិសាស្ត្រ ហើយ «យល់ស្របទាំងងងឹតងងុល» នូវអ្វីដែលខ្លួនហៅថាការរំលោភលើអធិបតេយ្យភាពរបស់ហ្វីលីពីន៕