មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានទាមទារឱ្យរុស្ស៊ី ដកកងទ័ពនិងបុគ្គលិក ដែលគ្មានការអនុញ្ញាតផ្សេងទៀតជាបន្ទាន់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ហើយប្រគល់រោងចក្រនេះ ទៅឲ្យការគ្រប់គ្រងពេញលេញរបស់អាជ្ញាធរអ៊ុយក្រែនវិញ។ មហាសន្និបាតដែលមានសមាជិកចំនួន ១៩៣រូប បានអនុម័តសេចក្តីសម្រេចមួយដោយទទួលបានសំឡេងគាំទ្រ ៩៩ សំឡេង ប្រឆាំង៩សំឡេង និងអនុបវាទចំនួន ៦០។

រោងចក្រ Zaporizhzhia ជារោងចក្រធំបំផុតនៅអឺរ៉ុប ត្រូវបានរុស្ស៊ីដណ្តើមយកភ្លាមៗ បន្ទាប់ពីចាប់ផ្តើមការវាយលុកពេញលេញនៅប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ រោងចក្រត្រូវបានបិទ ប៉ុន្តែត្រូវការថាមពលពីខាងក្រៅ ដើម្បីរក្សាសម្ភារៈនុយក្លេអ៊ែររបស់រោងចក្រឱ្យនៅត្រជាក់ និងការពារមហន្តរាយ។ និយាយនៅមុនពេលបោះឆ្នោត ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់អ៊ុយក្រែន លោក សឺហ្គី គិស្លីស៊ីយ៉ា(Sergiy Kyslytsya) បានជំរុញឱ្យប្រទេសនានា បោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ដោយនិយាយថា យើងជាប់ជំពាក់ដល់មនុស្សជំនាន់ក្រោយ។ យើងត្រូវតែធានាបានថា គ្រោះមហន្តរាយនុយក្លេអ៊ែរ មិនកើតឡើងម្តងទៀតនោះទេ។

ក្នុងសង្រ្គាម ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការបាញ់ផ្លោងទៅលើរោងចក្រ និងធ្វើឲ្យដួលរំលំបណ្តាញអគ្គិសនី។ សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារដោយសហព័ន្ធរុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់អ៊ុយក្រែន ដែលបង្កើនហានិភ័យនៃឧបទ្ទវហេតុនុយក្លេអ៊ែរ ឬឧបទ្ទវហេតុនៅទីតាំងនុយក្លេអ៊ែរទាំងអស់ របស់អ៊ុយក្រែន។
អគ្គរដ្ឋទូតរងប្រចាំអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Dmitry Polyanskiy បាននិយាយទៅកាន់មហាសន្និបាត មុនការបោះឆ្នោតថា គោលបំណងនៃសេចក្តីសម្រេចគឺដើម្បីព្យាយាមផ្សព្វផ្សាយនិទានកថារបស់ប្រទេសលោកខាងលិចមិនពិត អំពីប្រភពនៃការគំរាមកំហែងដល់រោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន។