អង្គការសុខភាពពិភពលោក WHO បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) ថា ជំងឺអ៊ុតស្វា នៅតែជាការគំរាមកំហែងសុខភាពសកល ដោយបានបង្ហាញពីការព្រួយបារម្ភជាពិសេសចំពោះការផ្ទុះឡើងនៃប្រភេទជំងឺអ៊ុតស្វាដ៏ខ្លាំងក្លាថ្មីនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនបានទទួលរបាយការណ៍ពីប្រទេសចំនួន២៦ ក្នុងខែមុន ទាក់ទងនឹងជំងឺនេះ។ ប្រធានអង្គការ WHO លោក តេដ្រូស អាដហាណូម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានប្រាប់សន្និសីទសារព័ត៌មានមួយថា ជំងឺអ៊ុតស្វា «នៅតែជាការគំរាមកំហែងសុខភាពសកល»។

ការព្រួយបារម្ភជាពិសេសគឺស្ថានភាពនៅក្នុងប្រទេសកុងហ្គោ ជាទីដែលវីរុសប្រភេទថ្មីបាននិងកំពុងរីករាលដាលចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ មក។ លោក Tedros បាននិយាយថា ការផ្ទុះថ្មីនោះ «មិនបង្ហាញសញ្ញានៃការថមថយទេ» ដោយចង្អុលបង្ហាញថាមានករណីចំនួន ១១.០០០ ត្រូវបានរាយការណ៍នៅឆ្នាំនេះ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៤៤៥នាក់ ហើយកុមារជាអ្នករងគ្រោះច្រើនជាងគេ។
ជំងឺអុតស្វា ត្រូវបានគេរកឃើញជាលើកដំបូងលើមនុស្សក្នុងឆ្នាំ១៩៧០ នៅក្នុងប្រទេសកុងហ្គោ ជាមួយនឹងការរីករាលដាលនៃប្រភេទរង១ (Clade I)។ បន្ទាប់មកនៅក្នុងខែឧសភា ឆ្នាំ២០២២ ការឆ្លងមេរោគអុតស្វា បានកើនឡើងទូទាំងពិភពលោក ដែលភាគច្រើនប៉ះពាល់ដល់បុរសស្រឡាញ់ភេទដូចគ្នា និងបុរសស្រឡាញ់ភេទចម្រុះ ដោយនោះគឺជាមេរោគប្រភេទរង២ (Clade II)។
ការផ្ទុះជំងឺអុតស្វាជាសកលកាលពី ២ ឆ្នាំមុនបាននាំឱ្យអង្គការ WHO ប្រកាសអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ ដែលជាការជូនដំណឹងខ្ពស់បំផុតនៅក្នុងខែកក្កដា ឆ្នាំ២០២២។ អង្គការនេះបានបញ្ចប់ការប្រកាសអាសន្ននៅក្នុងខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែនៅតែបន្តណែនាំប្រជាជនឱ្យមានការប្រុងប្រយ័ត្ន៕