បណ្តាពលរដ្ឋដែលនិយមចូលចិត្តប្រើប្រាស់ថាមពលស្អាត ឬថាមពលអគ្គិសនីផ្ទាំងសូឡានៅខេត្តកណ្តាល បានបង្ហាញការយល់ដឹងបានច្បាស់ ក្រោយរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់ពីការមិនយកពន្ធ មិនមានការបង់ប្រាក់ និងតម្រូវឱ្យមានការប្រកាសអ្វីនោះទេ ចំពោះពលរដ្ឋណាដែលប្រើប្រាស់ថាមពលអគ្គិសនីផ្ទាំងសូឡា ដែលមិនភ្ជាប់បណ្តាញអគ្គិសនីសាធារណៈ។

ពលរដ្ឋថ្លែងប្រាប់ BTV នៅថ្ងៃទី១២ ខែកក្កដានេះថា អស់រយៈពេលជាយូរឆ្នាំមកហើយ ដែលពលរដ្ឋតាមសហគមន៍ តាមកសិដ្ឋានតូចតាច បានប្រើប្រាស់ថាមពលអន្លឺព្រះអាទិត្យ ក្នុងទំហំតូច ដែលសមល្មម នឹងប្រើប្រាស់បំភ្លឺផ្ទះ បំភ្លឺផ្លូវ និងប្រើម៉ូទ័របូមទឹក ឆ្នាំងដាំបាយ និងបំភ្លឺតាមសួនជាដើម ដែលមិនតភ្ជាប់ជាមួយប្រព័ន្ធខ្សែភ្លើងរបស់រដ្ឋ ហើយក្រោយពីបានស្តាប់សេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៅថ្ងៃម្សិលមិញនេះទៀត គឺបានធ្វើឲ្យពលរដ្ឋទាំងអស់គ្នាអស់កង្វល់ និងយល់ថែមទៀត អំពីការមិនបង់ពន្ធនាំចូល មិនបង់ប្រាក់ថ្លៃប្រើប្រាស់អ្វីទាំងអស់ និងមិនពាក់ព័ន្ធការចុះបញ្ជីស្នាមនានាឡើយ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់ តាមហ្វេសបុកផ្លូវការរបស់ខ្លួនថា ជាទូទៅគ្រប់បណ្តាញអគ្គីសនីពន្លឺព្រះអាទិត្យ ដែលពលរដ្ឋប្រើប្រាស់ក្នុងទំហំប៉ុណ្ណាក៏ដោយ ឲ្យតែមិនតភា្ជប់បណ្តាញអគ្គីសនីសាធារណៈ គឺមិនបាច់រាយការណ៍ ឬប្រកាសនោះទេ។
ឯកឧត្តមបន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលក៏មានបំណង់ចង់ជំរុញបណ្តាអាជីវកម្ម សហគ្រាស និងពលរដ្ឋទូទៅប្រើប្រាស់ផងដែរ ខណៈ គ្រប់ពលរដ្ឋដែលដាក់ផ្ទាំងកញ្ចក់សូឡា លើដំបូលផ្ទះ ដំបូលអគារអាជីវកម្ម ដើម្បីទាញយកថាមពលរដ្ឋអគ្គិសនីប្រើប្រាស់ក្នុងទំហំ ១០គីឡូវ៉ាត់ចុះក្រោម ហើយនៅពេលធ្វើស្វ័យប្រកាស គឺមិនតម្រូវឲ្យបង់ប្រាក់អ្វីទាំងអស់ ហើយរាជរដ្ឋាភិបាលក៏មិនបានយកពន្ធលើការនាំចូលផ្ទាំងសូឡានេះដែរ៕ អត្ថបទ ស៊ុម សុខជា


