អាហ្វហ្គានីស្ថាន៖ ស្របពេលប្រជាជនដែលផ្លាស់ទីលំនៅរាប់រយនាក់ បានបោះជំរំនៅក្នុងតង់បណ្តោះអាសន្ននៅតាមដងផ្លូវនៃរដ្ឋធានីកាប៊ុល ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិកំពុងព្យាយាមផ្តល់អាហារដល់ពួកគេ ខណៈដែលកំពុងត្រៀមខ្លួនសម្រាប់ការដកសហគមន៍អន្តរជាតិចេញពីអាហ្វហ្គានីស្ថាន។

ថ្លែងពីការិយាល័យរបស់លោកក្នុងរដ្ឋធានីកាប៊ុល នាយកប្រចាំប្រទេសរបស់អង្គការស្បៀងអាហារពិភពលោកនៅអាហ្វហ្គានីស្ថាន លោក Andrew Patterson បានពន្យល់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃការប្រយុទ្ធគ្នា ជនជាតិអាហ្វហ្គានីស្ថានចំនួន ៥៥០.០០០នាក់បានរត់ចេញពីផ្ទះសម្បែងរបស់ពួកគេ។ ហើយនៅត្រឹមសប្តាហ៍ចុងក្រោយនេះ អង្គការស្បៀងអាហារពិភពលោកបានផ្តល់អាហារដល់មនុស្សចំនួន ៨៨០គ្រួសារដែលរស់នៅតាមដងផ្លូវក្នុងរដ្ឋធានីកាប៊ុល។ លោកបានព្រមានថា ប្រសិនបើមូលនិធិជំនួយមនុស្សធម៌ត្រូវបានកាត់ផ្តាច់ វានឹងក្លាយជាមហន្តរាយ។
រាល់ការបញ្ជូនស្បៀងអាហាររបស់អង្គការស្បៀងអាហារពិភពលោក ត្រូវបានធ្វើឡើងនៅលើគោក ដូច្នេះលោក Patterson មិនរំពឹងថា នឹងមានការផ្លាស់ប្តូរការផ្គត់ផ្គង់ស្បៀងអាហារនៅប៉ុន្មានខែខាងមុខនេះទេ ប៉ុន្តែលោកកំពុងរង់ចាំមើលថា តើក្រុមតាលីបង់នឹងធ្វើសកម្មភាពយ៉ាងដូចម្តេច បន្ទាប់ពីការដកកងកម្លាំងអន្តរជាតិចេញនោះ។ អង្គការស្បៀងអាហារពិភពលោកបាននិយាយថា ប្រជាជនប្រមាណ ១៤លាននាក់កំពុងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ នៅក្នុងប្រទេសដែលមានប្រជាជនប្រមាណជាង ៣៩លាននាក់៕
អត្ថបទ៖ សុខមាន