មន្ត្រីជំនាញ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងជួសជុលកុលាលភាជន៍ និងរៀបចំពិព័រណ៍ឡើងវិញនៅក្នុងសារមនី្ទរភូមិស្នាយ ស្ថិតក្នុងភូមិទេពកោសា ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក ទេព សុខា ប្រធានការិយាល័យវិភាគ និងពិសោធន៍ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាទូទៅធ្វើកិច្ចការអភិរក្ស និងជួសជុលកុលាលភាជន៍ រួមទាំងការបង្ហាត់បង្រៀន បណ្តុះបណ្តាលដល់និសិ្សត មហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងមន្រី្តនៅតាមមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី ខេត្ត បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះថា សារមនី្ទរភូមិស្នាយ ត្រូវបានកសាងនៅក្នុងឆ្នាំ២០០៧ ហើយវត្ថុសិល្បៈដែលរៀបចំដាក់តាំងពិព័រណ៍នៅក្នុងសារមនី្ទរនេះ គឺបានមកពីការធ្វើកំណាយនៅក្នុងស្ថានីយភូមិស្នាយ។ ក្នុងគោលបំណងអភិរក្សកុលាលភាជន៍ដែលមាននៅក្នុងសារមនី្ទរភូមិស្នាយ ដោយហេតុថាកុលាលភាជន៍ដែលសេសសល់ពីមុន មិនមានស្តង់ដា និងគ្មានគុណភាពល្អ ដែលបណ្តាលឲ្យកុលាលភាជន៍ខូច និងបាក់ស្រុតចុះក្រោម ក្លាយជាបំណែក។ ដូច្នេះក្រុមការងារមកពីក្រសួងវប្បធម៌ និងមនី្ទរវប្បធម៌ខេត្ត រួមនិងនិសិ្សត បានធ្វើការអភិរក្ស ជួសជុលកុលាលភាជន៍នេះឡើងវិញ ដើម្បីឲ្យប្រសើរ និងរៀបចំបើកពិព័រណ៍នៅក្នុងសារមនី្ទរភូមិស្នាយ។
លោក ទេព សុខា បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ មន្រី្តជំនាញរបស់យើងកំពុងខិតខំរៀបចំ សារមនី្ទរនានាឲ្យបានស្អាត ដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ ដូចជា៖ សារមនី្ទរស្វាយចេក សារមនី្ទរបន្ទាយមានជ័យ និងសារមនី្ទរភូមិស្នាយ ជាពិសេសការងារដែលសំខាន់ និងជាស្នូល គឺយើងបានធ្វើការបណ្តុះបណ្តាលដល់មន្រី្ត សិស្ស និសិ្សត ដែលអាចធ្វើការអភិរក្ស ជួសជុលកុលាលភាជន៍ទៅថ្ងៃក្រោយបាន ដែលជាផ្នែកមួយជួយដល់ការអភិរក្ស មរតកវប្បធម៌ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានល្អប្រសើរ៕ អត្ថបទ រដ្ឋា











