ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន សុកយ៉ុល (Yoon Suk Yeol) នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូថា ការប្តេជ្ញាចិត្តរបស់អាមេរិក ចំពោះការរារាំងប្រឆាំងនឹងកូរ៉េខាងជើង ត្រូវបានគាំទ្រដោយសមត្ថភាពពេញលេញរបស់ខ្លួន រួមទាំងនុយក្លេអ៊ែរផងដែរ។

ការិយាល័យរបស់លោក Yoon បាននិយាយថា មេដឹកនាំទាំងពីរក៏បានចុះហត្ថលេខាលើគោលការណ៍ណែនាំមួយស្តីពីការបង្កើតប្រព័ន្ធរួមបញ្ចូលគ្នានៃការរារាំងបន្ថែមសម្រាប់ឧបទ្វីបកូរ៉េ ដើម្បីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងយោធាពីកូរ៉េខាងជើង។

សេចក្តីណែនាំនោះផ្ដល់ភាពផ្លូវការដល់ការដាក់ពង្រាយទ្រព្យសម្បត្តិនុយក្លេអ៊ែររបស់អាមេរិក នៅលើ និងជុំវិញឧបទ្វីបកូរ៉េ ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងលទ្ធភាពនៃការវាយប្រហារនុយក្លេអ៊ែរពីកូរ៉េខាងជើង នេះបើតាមទីប្រឹក្សារងសន្តិសុខជាតិរបស់ Yoon គឺលោក គីម តែហ្យ៉ូ (Kim Tae-hyo) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន។

លោក ឈឹង សឹងឆាង (Cheong Seong-Chang) អ្នកជំនាញយុទ្ធសាស្ត្រសន្តិសុខនៅវិទ្យាស្ថានកូរ៉េខាងត្បូងបាននិយាយថា គោលការណ៍ណែនាំនុយក្លេអ៊ែរថ្មីនេះគឺជាវឌ្ឍនភាពដ៏សំខាន់ដែលផ្លាស់ប្តូរជាមូលដ្ឋាននូវវិធីសាស្រ្តដែលសម្ព័ន្ធមិត្តនឹងឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង៕