រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) កាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) បានអំពាវនាវឱ្យមានការស៊ើបអង្កេតរដ្ឋលើការបរាជ័យផ្នែកសន្តិសុខ ជុំវិញការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ដោយនិយាយថា គួរតែមានការស៊ើបអង្កេតលើលោកខ្លួនឯងផង និងលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ផងដែរ។

លោក Gallant បានធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់មន្ត្រីយោធាថ្មី ដែលចូលរួមផងដែរដោយលោក Netanyahu ខណៈរដ្ឋាភិបាលចម្រុះរបស់ពួកគេកំពុងមានភាពតានតឹងដោយការប្រយុទ្ធរួចទៅហើយ។

លោក Gallant បាននិយាយថា »ការស៊ើបអង្កេតរបស់រដ្ឋ ត្រូវតែមានតម្លាភាព ហើយចាំបាច់ត្រូវស៊ើបអង្កេតលើមនុស្សទាំងអស់ដែលធ្វើការសម្រេចចិត្ត និងអ្នកដែលអនុវត្តការសម្រេចចិត្ត រដ្ឋាភិបាល យោធា និងភ្នាក់ងារសន្តិសុខ»។

លោក Netanyahu ធ្លាប់បានច្រានចោលការអំពាវនាវកន្លងមក ក្នុងការបង្កើតការស៊ើបអង្កេតរដ្ឋលើការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាមហ្កាហ្សា ដោយនិយាយថា ការស៊ើបអង្កេត គួរតែត្រូវបានធ្វើឡើងនៅពេលដែលសង្រ្គាមបានបញ្ចប់។ មានតែរដ្ឋាភិបាលទេដែលអាចសម្រេចចិត្តបង្កើតគណៈកម្មការស៊ើបអង្កេតរបស់រដ្ឋបាន៕