ក្រសួងការបរទេសអ៊ីស្រាអែល បានប្រកាសថា ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា (UNRWA) កំពុងជួលបុគ្គលិកភេរវកម្មចំនួន ១០០ នាក់ ហើយបានស្នើដោយផ្ទាល់ទៅអង្គការនេះ ឲ្យបញ្ឈប់បុគ្គលិកទាំងនេះ ជាបន្ទាន់។

នៅក្នុងលិខិតថ្ងៃទី ៤ ខែកក្កដា ដែលត្រូវបានទទួលដោយសារព័ត៌មាន Fox News Digital លោកឯកអគ្គរដ្ឋទូត អាមៀ វ៉ៃប្រូដ (Amir Weissbrod) បានសរសេរថា វត្តមានរបស់ក្រុមភេរវករហាម៉ាស នៅក្នុងអង្គការ UNRWA គឺជា «ក្តីបារម្ភដដែលៗ» សម្រាប់មន្ត្រីអ៊ីស្រាអែល។

លោក វ៉ៃប្រូដ ( Weissbrod) បាននិយាយថា៖«ទោះជាយ៉ាងណា វិសាលភាពពេញលេញនៃការជ្រៀតចូលដែលមិនធ្លាប់មានពីមុនមកនេះ មិនត្រូវបានដឹង និងកាន់តែច្បាស់ បន្ទាប់ពីការវាយប្រហារភេរវកម្ម កាលថ្ងៃទី ៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលនៅក្នុងនោះ ដូចអ្នកបានដឹងហើយថា បុគ្គលិកអង្គការUNRWA បានចូលរួមយ៉ាងសកម្ម» ។
«ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ៊ីស្រាអែល បានរកឃើញថា ភេរវកររាប់រយនាក់ សមាជិកនៃក្រុមហាម៉ាស និងប៉ាឡេស្ទីនឥស្លាមជីហាដ (PIJ) ត្រូវបានជួលដោយអង្គការ UNRWA នៅតំបន់ហ្កាហ្សាស្ទ្រីប ពួកគេខ្លះ កាន់តំណែងជាន់ខ្ពស់នៅ UNRWA ឬនៅក្នុងក្រុងហាម៉ាស»។
លោកឯកអគ្គរដ្ឋទូត បានបន្ថែមថា គោលបំណងនៃលិខិតរបស់ខ្លួន គឺដើម្បីចែករំលែក«ព័ត៌មានបន្ថែមមួយចំនួនអំពីបញ្ហានេះ» ហើយបានបន្តកំណត់អត្តសញ្ញាណបុគ្គលិក ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស។