បាល់ទាត់៖ ក្រុមកាំភ្លើងធំ Arsenal រកបានជ័យជំនះលើកដំបូងរដូវកាលនេះ ក្រោយយកឈ្នះនៅទឹកដី West Bromwich Albion ៦-០ ដើម្បីឈានឡើងជុំទី៣ ពានរង្វាន់ Carabao Cup។ ខ្សែប្រយុទ្ធហ្កាបុង Pierre-Emerick Aubameyang បានចាប់ផ្តើម ១១នាក់ដំបូងជាលើកដំបូងឱ្យ Arsenal រដូវកាលនេះបន្ទាប់ពីអវត្តមានពីរប្រកួតនៅ English Premier League ដោយសារវិជ្ជមាន Covid-19។

ត្រលប់មកវិញប្រកួតដំបូង Aubameyang ស៊ុតបញ្ចូលទី ៣គ្រាប់ម្នាក់ឯង ខណៈ ៣គ្រាប់ទៀតរកបានដោយ Nikolas Pepe, Bukayo Saka និង Alexandre Lacazette។ West Bromwich Albion បានដាក់បញ្ចូលកីឡាករថ្មី ៦នាក់ដែលក្នុងនោះមាន ៥នាក់ជាកីឡាករយុវជន។ ចំណែកលទ្ធផលផ្សេងទៀតមាន Southampton យកឈ្នះនៅទឹកដី Newport County ៨-០។
៨គ្រាប់របស់ Southampton ធ្វើបានដោយកីឡាករចំនូលថ្មី Armando Broja ២គ្រាប់ម្នាក់ឯង, Mohamed Elyounoussi ៣គ្រាប់ម្នាក់ឯង, Nathan Tella, Kyle Walker-Peters និង Nathan Redmond ម្នាក់ ១គ្រាប់។

៨-០ នេះជាជ័យជំនះធំបំផុតសំរាប់ Southampton ក្នុងប្រវតិ្តសាស្ត្រ ១៣៥ឆ្នាំ។ ជុំទី៣ Carabao Cup, Southampton នឹងត្រូវជួប Sheffield United ខណៈ Arsenal ទទួល Wimbledon។ ដោយឡែកសំរាប់លទ្ធផលការចាប់ឆ្នោតផ្សេងទៀតមាន Manchester United ជួប West Ham, Chelsea ជួប Aston Villa, Norwich ជួប Liverpool, Manchester City ជួប Wycombe Wanderers ក៏ដូចជា Wolverhampton ជួប Tottenham Hotspur ជាដើម៕
អត្ថបទ៖នាង សុភាវុធ