
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា សម្ព័ន្ធមិត្តអ៊ឺរ៉ុបបានត្រៀមរួចជាស្រេចហើយ ក្នុងការកាត់បន្ថយការវិនិយោគទៅកាន់ប្រទេសចិន ប្រសិនបើប្រទេសនេះបន្តការគាំទ្ររបស់ខ្លួនដល់ប្រទេសរុស្ស៊ី ដោយនេះជាការផ្តល់ការព្រមានមួយ បន្ទាប់ពីអង្គការណាតូ (NATO) បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានជួយសម្រួលដល់ការលុកលុយលើប្រទេសអ៊ុយក្រែន។
លោក Biden បានរំលឹកឡើងវិញថា ប្រទេសចិនមិនបានផ្គត់ផ្គង់អាវុធដោយផ្ទាល់ដល់កងកម្លាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នោះទេ ប៉ុន្តែក៏បានគូសបញ្ជាក់ផងដែរថា វានឹងមិនមានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុទេ ប្រសិនបើពួកគេត្រឹមតែកំពុងផ្គត់ផ្គង់ព័ត៌មាន និងសមត្ថភាពដល់ប្រទេសរុស្ស៊ីនោះ។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែកក្កដា) លោក Biden បាននិយាយថា ប្រធានាធិបតីចិន លោក Xi Jinping «ជឿជាក់ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយគ្រប់គ្រាន់ ដែលពួកគេអាចទាក់ទាញប្រទេសណាមួយ ក្នុងនោះរួមទាំងបណ្តាប្រទេសអឺរ៉ុបផងដែរ ឲ្យទៅបណ្តាក់ទុននៅទីនោះ ជាថ្នូរនឹងការប្តេជ្ញាចិត្តពីអឺរ៉ុប»។
លោកបានបន្ថែមថា «មិត្តភក្ដិអឺរ៉ុបរបស់យើងមួយចំនួន នឹងកាត់បន្ថយការវិនិយោគដែលពាក់ព័ន្ធរបស់ពួកគេ» ប្រសិនបើចិនបន្តការជួយរបស់ខ្លួន សម្រាប់រុស្ស៊ី។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Biden នេះ បានធ្វើការប្រហារដោយពាក្យសម្ដីចុងក្រោយបំផុតប្រឆាំងនឹងប្រទេសចិន ជុំវិញទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់លោក Xi ជាមួយលោក Putin ជាអ្វីដែលត្រូវបានចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ ខណៈដែលសម្ព័ន្ធមិត្តសម្លឹងដល់ការបិទម៉ាស៊ីនសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន និងបង្ខំឲ្យប្រទេសនេះព្រមដកថយ៕