
ប្រធានាធិបតីបារាំង លោក Emmanuel Macron ធ្លាប់បានធ្វើឲ្យអង្គការណាតូ (NATO) ភ្ញាក់ផ្អើល ដោយប្រកាសថា សម្ព័ន្ធភាពនេះ កំពុងជួបប្រទះ «ភាពជាប់គាំង»។ ប៉ុន្តែប៉ុន្មានថ្ងៃនៃការមានភាពក្លៀវក្លាបែបនេះ នៅលើឆាកអន្តរជាតិ អាចនឹងលែងមានប្រសិទ្ធភាពទៀតហើយ បន្ទាប់ពីការប្រថុយប្រថានរបស់លោក ក្នុងការប្រកាសការបោះឆ្នោតមុនអាណត្តិ បានធ្វើឲ្យនយោបាយរបស់ប្រទេសជាប់គាំង។
នៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក សម្ព័ន្ធមិត្តមានការងឿងឆ្ងល់ថា តើតួនាទីកម្រិតណា ដែលទីក្រុងប៉ារីសអាចមានក្នុងសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកមួយនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយបញ្ហានេះបានបន្ថែមលើភាពមិនច្បាស់លាស់ដែលចេញមកពីការប៉ុនប៉ងជាប់ឆ្នោតឡើងវិញរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden និងការវិលត្រឡប់ទៅអង្គុយកៅអីសេតវិមានវិញរបស់លោក Donald Trump ដែលជាអ្នករិះគន់អង្គការណាតូ។

អ្នកការទូតសហភាពអឺរ៉ុប បាននិយាយនៅក្រៅកិច្ចប្រជុំថា៖ «យើងទាំងអស់គ្នាដឹងហើយថា នៅទីណាក៏ដោយក្នុងពិភពលោក គោលនយោបាយការបរទេសចាប់ផ្តើមឡើងពីក្នុងស្រុក ហើយប្រសិនបើនៅក្នុងប្រទេសអ្នកមានបញ្ហានោះ ប្រាកដណាស់ វានឹងប៉ះពាល់ ឬប៉ះពាល់ដល់គោលនយោបាយការបរទេសរបស់អ្នកនៅក្រៅប្រទេស»។
នៅឯកិច្ចប្រជុំកំពូលនេះ លោក Macron បានបន្តរក្សាភាពមិនសូវលេចធ្លោក្នុងប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកបាននិយាយថា លោកបានធ្វើឲ្យសម្ព័ន្ធមិត្តមានទំនុកចិត្តឡើងវិញ ដែលលោកបាននិយាយថា មានការព្រួយបារម្ភតិចតួច ចំពោះលទ្ធផលបោះឆ្នោត។
នៅពីក្រោយឆាក លោកចង់ប្រាប់ពួកគេថា លទ្ធផលនៃការបោះឆ្នោតសភាថ្ងៃទី៧ ខែកក្កដា នៅប្រទេសបារាំង គឺមិនអាក្រក់ដូចការភ័យខ្លាចនោះទេ ពីព្រោះទាំងក្រុមស្តាំជ្រុល ឬឆ្វេងនិយម មិនបានទទួលសំឡេងភាគច្រើនដាច់ខាតទាងស្រុងនោះឡើយ៕