
មួយក្នុងចំណោមប្រទេសចំនួន៤ របស់ពិភពលោក បានជួបនឹងការមានចំនួនប្រជាជនខ្ពស់បំផុតរួចទៅហើយ ខណៈការថយចុះអត្រាកំណើត រួមចំណែកដល់កំណើនប្រជាជនយឺតៗ។ នេះបើយោងតាមការព្យាការណ៍ថ្មីរបស់អង្គការសហប្រជាជាតិ (UN)។
នៅក្នុងរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែកក្កដា) នាយកដ្ឋានចំនួនប្រជាជនរបស់ UN បានឲ្យដឹងថា ចំនួនប្រជាជនពិភពលោក ទំនងជានឹងកើនឡើងដល់ ១០,៣ពាន់លាននាក់ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៨០។

មួយទសវត្សរ៍មុន ទីភ្នាក់ងារនេះ បានមើលឃើញឱកាសត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ ដែលកំណើនប្រជាជននឹងបញ្ចប់ នៅសតវត្សរ៍នេះ ប៉ុន្តែឥឡូវនេះ បានដំឡើងដល់ ៨០ភាគរយ។ ការព្យាករណ៍របស់ UN បានបង្ហាញថា កំណើនប្រជាជនរបស់ប្រទេសមួយចំនួន ដូចជាឥណ្ឌា ឥណ្ឌូនេស៊ី និងនីហ្សេរីយ៉ា នឹងជួយជំរុញពិភពលោកឲ្យមានប្រជាជនសរុបចំនួន ២,១ពាន់លាននាក់ ក្នុងរយៈពេលប្រាំ ៦ទសវត្សរ៍ខាងមុខ។
គួរបញ្ជាក់ថា ប្រទេសចំនួន៩ ត្រូវបានគេព្យាករថា នឹងឃើញចំនួនប្រជាជនរបស់ពួកគេកើនឡើងទ្វេដងនៅចន្លោះឆ្នាំ២០២៤ និង២០៥៤ ដោយក្នុងនោះរួមទាំងប្រទេសអង់ហ្គោឡា សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោផងដែរ។ ទន្ទឹមនឹងនេះដែរ ចំនួនប្រជាជន បានកើនឡើងខ្ពស់បំផុត នៅក្នុងប្រទេសចំនួនជាង ៦០ ក្នុងនោះរួមទាំងប្រទេសចិន និងជប៉ុនផងដែរ៕