
អ្នកនាំពាក្យរបស់លោក Viktor Orban បានប្រាប់ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីហុងគ្រី បានជួបជាមួយលោក Donald Trump នៅរដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែកក្កដា) ហើយអ្នកទាំង២ បានពិភាក្សាគ្នាអំពី «លទ្ធភាពនៃការមានសន្តិភាព» ខណៈដែលរូបលោកជំរុញឲ្យមានបទឈប់បាញ់នៅប្រទេសអ៊ុយក្រែន។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X បន្ទាប់ពីកិច្ចប្រជុំនោះ លោក Orban បាននិយាយថា លោក Trump នឹង «ដោះស្រាយបញ្ហាសន្តិភាព» នេះ តែលោកមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះឡើយ ក្រៅពីចែករំលែករូបថតរបស់អ្នកទាំង២ ដែលលើកមេដៃដូចគ្នា។
ចំណែកលោក Trump ដែលបានបង្ហោះនៅលើបណ្ដាញសង្គម Truth Social បានរៀបរាប់ថា សន្តិភាព គឺត្រូវការចាំបាច់យ៉ាងឆាប់រហ័ស។

សារព័ត៌មាន Reuters បានរាយការណ៍កាលពីខែមុនថា ទីប្រឹក្សារបស់អតីតប្រធានាធិបតីរូបនេះ បានបង្ហាញរូបលោកនូវផែនការ ដើម្បីបញ្ចប់សង្រ្គាម មួយផ្នែកដោយការផ្តល់ជំនួយនាពេលអនាគតដល់ទីក្រុងគីវ អមដោយលក្ខខណ្ឌឲ្យអ៊ុយក្រែនចូលរួមកិច្ចចរចាសន្តិភាព។
sគួរបញ្ជាក់ថា មេដឹកនាំជាតិនិយម លោក Orban ដែលជាអ្នកគាំទ្រលោក Trump យូរមកហើយនោះ បានធ្វើទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុងគីវ ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ ជាអ្វីដេលលោកប្រកាសដោយខ្លួនឯងថា «បេសកកម្មសន្តិភាព» ដោយការធ្វើបែបនេះបានធ្វើឲ្យសម្ព័ន្ធមិត្តណាតូមានការខឹងសម្បា៕