វាយកូនបាល់៖ កីឡាការិនីអាមេរិក Venus Williams ដែលជាបងស្រី រួមជាមួយនឹងប្អូនស្រី Serena Williams បានសំរេចចិត្តដកខ្លួនចេញពីការប្រកួត Grand Slam, US Open ហើយ ដែលធ្វើឱ្យការប្រកួត Grand Slam ចុងឆ្នាំនេះបាត់បង់កីឡាការិនីល្បីឈ្មោះពីររូបទៀត។ កីឡាការវ័យ ៣៩ឆ្នាំ Serena Williams បានបង្ហោះសារនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារថា នាងត្រូវការពេលវេលាបន្ថែមទៀតដើម្បីធ្វើឱ្យរាងកាយរឹងមាំ បន្ទាប់ពីរបួសរហែកសរសៃពួរ។

ចំណែកបងស្រីវ័យ ៤១ឆ្នាំ Venus Williams ១ម៉ោងបន្ទាប់មកក៏បានសំរេចចិត្តដូចគ្នានេះដោយសាររបួសជើង។ នេះជាលើកទី១ ហើយរាប់តាំងពីឆ្នាំ២០០៣ ដែលមិនមានវត្តមានបងប្អូនស្រីត្រកូល Williams ទាំងពីរនាក់នៅ Grand Slam, US Open។ ការប្រកួតដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែសីហាចុងខែនេះក៏នឹងមិនមានវត្តមានកីឡាករអ្នកការពារតំណែងជើងឯកសញ្ជាតិអូទ្រីស Dominic Thiem ផងដែរ និងរួមជាមួយ Roger Federer និង Rafael Nadal៕
អត្ថបទ៖នាង សុភាវុធ