
ប្រធានាធិបតីទួរគី លោក Tayyip Erdogan នៅថ្ងៃសុក្រ (ទី១២ ខែកក្កដា) នេះ បាននិយាយថា អង្គការណាតូ (NATO) មិនអាចបន្តភាពជាដៃគូជាមួយរដ្ឋបាលអ៊ីស្រាអែលបាននោះទេ។
ក្នុងសន្និសីទសារព័ត៌មានមួយ នៅឯកិច្ចប្រជុំកំពូលអង្គការណាតូ នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Erdogan បាននិយាយថា៖ «ប្រសិនបើសន្តិភាពពេញលេញ និងនិរន្តរភាព មិនត្រូវបង្កើតឡើងនៅប៉ាឡេស្ទីននោះទេ កិច្ចប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែល ក្នុងអង្គការណាតូ នឹងមិនត្រូវបានអនុម័តដោយប្រទេសទួរគីនោះឡើយ»។
ជាមួយគ្នានេះ លោកបានប្រាប់បន្ថែមថា ទួរគីក៏បន្តកិច្ចខិតខំប្រឹងប្រែងការទូតរបស់ខ្លួនផងដែរ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ លោក Erdogan បាននិយាយផងដែរថា លោកបានណែនាំរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan ជួបជាមួយប្រធានាធិបតីស៊ីរី លោក Bashar al-Assad ដើម្បីចាប់ផ្តើមស្តារទំនាក់ទំនងជាមួយប្រទេសស៊ីរីឡើងវិញ។

ហើយចុងក្រោយ លោកបានសង្គត់ធ្ងន់ថា ប្រទេសទួរគីរំពឹងថា នឹងមានសាមគ្គីភាពពីសម្ព័ន្ធមិត្តណាតូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ទួរគី គឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេស ដែលតែងរិះគន់អ៊ីស្រាអែល ជុំវិញជម្លោះបង្ហូរឈាម នៅតំបន់ហ្កាហ្សានេះ៕