
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យោធាអ៊ីស្រាអែល បានសម្លាប់មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាសពីរនាក់ កាលពីសប្តាហ៍មុននេះ។
IDF បានកំណត់អត្តសញ្ញាណម្នាក់ឈ្មោះ Hassan Abu Kuik ដែលត្រូវបានចោទប្រកាន់ថា បានធ្វើការវាយប្រហារជាច្រើនលើអ៊ីស្រាអែល។ យោធា បានបន្ថែមថា ម្នាក់ទៀតជាប្រធានក្រុមចារកម្មយោធារបស់ ក្រុមហាម៉ាស។
IDF បាននិយាយថា កងទ័ពអ៊ីស្រាអែល កំពុងបន្តប្រតិបត្តិការនៅក្នុងទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)។

កងទ័ពអ៊ីស្រាអែល បាននិយាយថា អាវុធជាច្រើនត្រូវបានរកឃើញនៅទីនោះ កាលពីថ្ងៃពុធ។ IDF បានចោទប្រកាន់សមាជិកក្រុមហាម៉ាស និងក្រុមជីហាដឥស្លាមប៉ាឡេស្ទីន (PIJ) ថា បានប្រើប្រាស់ទីស្នាក់ការកណ្តាលរបស់ UNRWA សម្រាប់គោលបំណងភេរវកម្ម។ ព័ត៌មានរបស់ IDF មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ។
បុគ្គលិករបស់អង្គការ UNRWA មិនបានប្រើប្រាស់ស្នាក់ការនេះ សម្រាប់ប្រតិបត្តិការធម្មតាទេ ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើម។