
សហរដ្ឋអាមេរិក និយាយថានៅឆ្នាំ២០២៦ ប្រទេសនេះនឹងចាប់ផ្តើមដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលមានសមត្ថភាពបាញ់ដល់ប្រទេសរុស្ស៊ី។
រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍រួម អំពីផែនការនេះកាលពីថ្ងៃពុធ។ សេចក្តីថ្លែងការណ៍និយាយថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមបំពាក់ឲ្យកងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់អង្គភាពបាញ់មីស៊ីល រួមមានទាំងមីស៊ីលតម្រង់គោលដៅ Tomahawk និងសព្វាវុធល្បឿនលឿនជាងសំឡេងដែលកំពុងអភិវឌ្ឍមានរយៈចម្ងាយឆ្ងាយជាងមីស៊ីលបាញ់នៅលើដី ដែលបច្ចុប្បន្នកំពុងដាក់ពង្រាយនៅអឺរ៉ុប។
ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់និយាយថា វានឹងជាការដាក់ពង្រាយសព្វាវុធដំបូងរបស់សហរដ្ឋអាមេរិកដែលមានសមត្ថភាពបាញ់ដល់ប្រទេសរុស្ស៊ី ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។

អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល(Olaf Scholz) បានសាទរចំពោះការសម្រេចចិត្តនេះ កាលពីថ្ងៃព្រហស្បតិ៍។ លោកបាននិយាយទៅកាន់អ្នកសារព័ត៌មានថា ប្រទេសរបស់លោក ត្រូវការមីស៊ីលស៊ីបគោលដៅបែបនេះ ដើម្បីទប់ទល់ទៅនឹងការដាក់ពង្រាយប្រព័ន្ធសព្វាវុធរបស់រុស្ស៊ី។
លោក Scholz បានបញ្ជាក់ថា សព្វាវុធ មានសមត្ថភាពបង្កើនការរារាំងប្រឆាំងរុស្ស៊ី ហើយនេះមានសារៈសំខាន់ណាស់។
អង្គភាពសេវាស្រាវជ្រាវនៅសភាអាមេរិក រាយការណ៍ថាសព្វាវុធល្បឿនលឿនជាងសំឡេង ដែលកំពុងអភិវឌ្ឍ អាចបាញ់បានក្នុងរយៈចម្ងាយប្រហែល ២.៧០០គីឡូម៉ែត្រ។ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់និយាយថា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump អាចនឹងលុបចោលផែនការដាក់ពង្រាយនេះ ប្រសិនបើលោកទទួលជ័យជម្នះក្នុងការបោះឆ្នោតនៅខែវិច្ឆិកា និងចូលកាន់តំណែងឡើងវិញ។