
ទីភ្នាក់ងារព័ត៌មានជាតិរបស់ប្រទេសលីបង់ បានរាយការណ៍ថា ជនភៀសខ្លួនស៊ីរីប្រហែល ៣៥០នាក់ បានវិលត្រឡប់មកវិញដោយស្ម័គ្រចិត្តកាលពីថ្ងៃព្រហស្បតិ៍ ពីភាគខាងកើតប្រទេសលីបង់ ទៅកាន់ទីក្រុង Al-Qusayr ដែលជាទីក្រុងមួយ នៅភាគខាងលិចប្រទេសស៊ីរី។
ដោយមានការសម្របសម្រួលរវាងអាជ្ញាធរលីបង់ និងសមភាគីស៊ីរីដែលពាក់ព័ន្ធ ការធ្វើដំណើរត្រឡប់ទៅប្រទេសស៊ីរីវិញដោយស្ម័គ្រចិត្តសម្រាប់ជនភៀសខ្លួនស៊ីរី បានបន្តនៅថ្ងៃទី ១៤ ខែឧសភា បន្ទាប់ពីបានផ្អាកអស់រយៈពេលពីរឆ្នាំ ដោយមានបុគ្គលប្រហែល ២១៤នាក់ ត្រឡប់ពី Arsal នៅភាគខាងកើតប្រទេសលីបង់ នៅថ្ងៃនោះ។

អាជ្ញាធរលីបង់ បានជំរុញឲ្យសហគមន៍អន្តរជាតិ ជួយប្រទេសលីបង់ក្នុងការបញ្ជូនជនភៀសខ្លួន ស៊ីរី ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ខណៈដែលវត្តមានជនភៀសខ្លួនស៊ីរីប្រមាណពីរលាននាក់ នៅក្នុងប្រទេសលីបង់ បានដាក់បន្ទុកដ៏ធ្ងន់ធ្ងរ ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។
កាលពីដើមខែឧសភា នាយករដ្ឋមន្ត្រីចាំផ្ទះលីបង់ លោក ណាជីប ម៉ាកាទី (Najib Mikati) បានប្តេជ្ញាថាជនជាតិស៊ីរីណាដែលរស់នៅក្នុងប្រទេសលីបង់ដោយខុសច្បាប់ នឹងត្រូវនិរទេស។