
សកម្មជនប្រទេសហ្វីលីពីន រាប់សិបនាក់ បានមកប្រមូលផ្តុំគ្នានៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីននៅថ្ងៃសុក្រនេះ ដើម្បីប្រារព្ធខួបលើកទី៨ នៃការចេញសេចក្តីសម្រេចរបស់អាជ្ញាកណ្តាលដ៏សំខាន់ ស្តីពីការអះអាងសិទ្ធរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង។
នៅក្នុងឆ្នាំ២០១៦ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នៅទីក្រុងឡាអេ បានចេញសេចក្តីសម្រេចថាប្រទេសចិនពុំមានសិទ្ធជាប្រវត្តិសាស្ត្រលើដែនទឹកនេះ ហើយប្រទេសនេះ បានរំលោភលើសិទ្ធិដែនអធិបតេយ្យភាពរបស់ប្រទេសហ្វីលីពីន ដោយបានធ្វើសកម្មភាពរបស់ខ្លួនជាច្រើននៅទីនោះ។
ប្រទេសចិន បានអះអាងថាសកម្មភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូង គឺស្របច្បាប់និងប្រកបដោយវិជ្ជាជីវៈ ដែលមិនទទួលស្គាល់ការចេញសេចក្តីសម្រេចឆ្នាំ ២០១៦ នោះទេ។

ភាពតានតឹងនៅក្នុងតំបន់ បាននិងកំពុងកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
កាលពីខែមុន ទីក្រុងម៉ានីល បានចោទប្រកាន់ឆ្មាំល្បាតឆ្នេររបស់ចិនថា មានចេតនាវាយប្រហារ លើនាវាកងទ័ពជើងទឹក និងបានរឹបអូសសព្វាវុធ ដើម្បីរំខានដល់បេសកកម្មផ្គត់ផ្គង់ផ្នែកយោធានៅសមុទ្រចិនខាងត្បូង ដោយបានធ្វើឱ្យនាវិកហ្វីលីពីនម្នាក់រងរបួសធ្ងន់។
