នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែកក្កដា) បាននិយាយថា លោកនៅតែប្តេជ្ញាចិត្ត ចំពោះក្របខ័ណ្ឌបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ដែលកំពុងត្រូវបានដំណើរការចរចា ហើយបានចោទប្រកាន់ក្រុមអ៊ីស្លាមហាម៉ាសប៉ាឡេស្ទីនថា បានធ្វើការទាមទារដែលផ្ទុយនឹងក្របខ័ណ្ឌនេះ។
ពិធីបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់មន្ត្រីយោធា នៅភាគខាងត្បូងអ៊ីស្រាអែល លោក Netanyahu បានប្រាប់ថា៖ «ខ្ញុំបានប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងគោលនេះ ដើម្បីឲ្យមានការដោះលែងចំណាប់ថ្នូររបស់យើង ប៉ុន្តែក្រុមឃាតករហាម៉ាស កំពុងប្រកាន់ខ្ជាប់នូវការទាមទារដែលផ្ទុយនឹងក្របខ័ណ្ឌនេះ ពោលគឺជាការទាមទារ ដែលបង្កគ្រោះថ្នាក់ដល់អ៊ីស្រាអែល»។ តែយ៉ាងក្ដី លោកមិនបាននិយាយថា តើការទាមទារទាំងនោះជាអ្វីទេ។
ទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញឲ្យមានកិច្ចព្រមព្រៀងសន្តិភាព នៅឯកិច្ចចរចា ក្នុងប្រទេសអេហ្ស៊ីប និងកាតា ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ដែលឥឡូវនេះចូលដល់ខែទី១០ ហើយ។ ការិយាល័យរបស់លោក Netanyahu បានឲ្យដឹងថា ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Shin Bet របស់អ៊ីស្រាអែល បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងគែរ ដើម្បីបន្តការចរចា៕