ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌ បានធ្វើការបិទខ្ទប់បរិវេណផ្សាធំថ្មីមួយផ្នែកបណ្តោះអាសន្ន ដេីម្បីឲ្យក្រុមគ្រូពេទ្យជំនាញចុះយកសំណាករកកូវីដ-១៩ លើអាជីវករដែលជាអ្នកលក់ដូរផ្នែកខាងលិចផ្សារអ្នកលក់ម្ហូបអាហារនិងគ្រឿងសមុទ្រ នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ។
យោងតាមអាជ្ញាធរខណ្ឌដូនពេញ បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលឈានដល់ការបិទខ្ទប់យកសំណាកលើអាជីវករដែលជាអ្នកលក់ដូរនៅផ្សារធំថ្មី ចំនួនជិត៤០០នាក់ ដោយសារកាលពីថ្ងៃទី១៥ ខែសីហាកន្លងមកមានអ្នក វិជ្ជមានកូវីដ-១៩ប្រភេទថ្មី ដែលតា(Delta)បានធ្វើដំណើរ ចូលទិញគ្រឿងសមុទ្រនៅក្នុងផ្សារ។
ដូច្នេះហើយទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និងកម្លាំងសមត្ថកិច្ចចម្រុះក្នុងមូលដ្ឋានធ្វើការបិទខ្ទប់ភ្លាមៗ ដើម្បីឲ្យអាជីវករដែលលក់ដូរនៅផ្សារធំថ្មីផ្នែកខាងលិចផ្សារចូលរួមយកសំណាកគ្រប់គ្នាដើម្បីធ្វើការទប់ស្កាត់កុំឲ្យមានការរាលដាលឆ្លងទៅកន្លែងថ្មី។
ជាចុងបញ្ចាប់នៃការចុះយកសំណាក់លើអាជីវករដែលជាអ្នកលក់ដូរនៅលើដងផ្លូវជុំវិញផ្សារ សរុបចំនួន៣៩៣នាក់ លទ្ធគឺរកឃើញវិជ្ជមានចំនួន០៣នាក ក្នុងនោះស្រី០១ម្នាក់ ត្រូវបានគ្រូពេទ្យនាំយកទៅព្យាបាល។
អាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់ផងដែរថា ក្រោយធ្វើសំណាករួច រកឃើញចំនួន០៣នាក់ វិជ្ជមាន នោះ អាជ្ញាធរមិនបានធ្វើការផ្អាកដំណើរការផ្សារទាំងស្រុងនោះទេ ដោយគ្រាន់តែធ្វើការហ៊ុំព័ទ្ធខ្សែរនៅតូបដែលម្ចាស់ វិជ្ជមាន រួមជាមួយតូបជិតខាង៤ឬ៥តូបបន្ថែម និងអ្នកដែលបានមកធ្វើតេស្តនៅល្ងាចថ្ងៃទី២៦ ខែសីហា នេះផងដែរត្រូវធ្វើចត្តាឡីស័ក រងចាំលទ្ធផលពីម៉ាស៉ីនធំ(PCR) ទើបអនុញ្ញាតឲ្យបើកលក់វិញជាធម្មតា៕អត្ថបទ៖ កុម្ភះ









