ភ្នំពេញ៖ នៅទីស្តីការក្រសួង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបសម្តែងការគួរសមជាមួយក្រុមយុវជន The SEED Cambodia ដើម្បីចែករំលែកព័ត៌មានមួយចំនួនពាក់ព័ន្ធវិស័យកសិកម្ម។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំក្រុមយុវជន The SEED Cambodia ធ្វើការងាររបស់ខ្លួនឱ្យបានល្អ ច្បាស់លាស់ ចំគោលដៅ ជាពិសេសជំរុញការធ្វើមាតិកាឌីជីថលឱ្យបានកាន់តែទូលំទូលាយដើម្បីចែករំលែកចំណេះដឹង ផ្សព្វផ្សាយអំពីទីផ្សារនិងគោលនយោបាយនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកំពុងបន្តជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព ធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ធានាបាននូវសន្តិសុខស្បៀងនិងស្ថិរភាពតម្លៃនៅទូទាំងប្រទេស ការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើម ការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញ និងនិរន្តរភាពសេដ្ឋកិច្ច ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា ឱ្យក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០៕







