ទូរទស្សន៍រដ្ឋរបស់រុស្ស៊ី Russia24 នៅថ្ងៃសុក្រ (ទី១២ ខែកក្កដា) បានហៅកំហុសរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden នៅពេលដែលបានហៅប្រធានាធិបតីអ៊ុយក្រែនលោក Volodymr Zelenskiy ថា «ប្រធានាធិបតី Putin» ថា «ជារឿងអាម៉ាស់មួយ»។ សេចក្ដីរាយការណ៍នោះ បានបន្តថា «នេះគ្រាន់តែបង្ហាញពីស្ថានភាពដែលលោកកំពុងមាននៅក្នុងពេលនេះ»។
គួរបញ្ជាក់ថា នៅមុននេះ លោក Joe Biden បានច្រឡំសំដៅទៅប្រធានាធិបតីអ៊ុយក្រែន លោក Volodymr Zelenskiy ថា ជា «ប្រធានាធិបតី លោក (Vladimir) Putin» របស់ប្រទេសរុស្ស៊ី មុនពេលកែតម្រូវឡើងវិញ នៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន។
លោក Biden បាននិយាយសំដៅទៅ Zelenskiy មុននឹងកែតម្រូវថា៖ «ហើយឥឡូវនេះ ខ្ញុំចង់ប្រគល់នាទីនេះឲ្យទៅប្រធានាធិបតីអ៊ុយក្រែន ដែលមានភាពក្លាហានដូចដែលលោកមានការតាំងចិត្ត។ លោក-លោកស្រី ស្វាគមន៍លោកប្រធានាធិបតី Putin»។ តែនៅពេលកែតម្រូវពាក្យសម្ដីរបស់ខ្លួនឡើងវិញ លោក Biden បាននិយាយថា៖ «លោកប្រធានាធិបតី Zelenskiy អ្នកនឹងឈ្នះលោកប្រធានាធិបតី Putin។ ខ្ញុំផ្តោតខ្លាំងចំពោះការទទួលបានជ័យជម្នះលើលោក Putin»។
សូមបញ្ជាក់បន្ថែមថា លោក Biden បាន និងកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបានប្រឈមមុខនឹងការសង្ស័យ រួមទាំងពីសមាជិកនៃគណបក្សប្រជាធិបតេយ្យផ្ទាល់របស់លោកផងដែរ អំពីឱកាសនៃការជាប់ឆ្នោតឡើងវិញ បន្ទាប់ពីការធ្វើមិនសូវបានល្អ និងរអាក់រអួល នៅក្នុងកម្មវិធីជជែកដេញដោលកាលពីចុងខែមុន ទល់នឹងអតីតប្រធានាធិបតី លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ៕