
គណបក្សប្រឆាំងដ៏ធំរបស់ប្រទេសឥណ្ឌា គឺគណបក្ស Congress នៅថ្ងៃសុក្រ (ទី១២ ខែកក្កដា) នេះ បានស្នើឲ្យនាយករដ្ឋមន្ត្រី លោក Narendra Modi ដំឡើងពន្ធបន្ថែមទៀតលើមហាសេដ្ឋីរបស់ប្រទេស ដើម្បីបង្កើតមូលនិធិ សម្រាប់ពង្រីកសេវាសាធារណៈ ដូចជាការអប់រំ និងសុខភាពជាដើម។
គួរបញ្ជាក់ថា គម្រោងថវិកាប្រចាំឆ្នាំ នឹងត្រូវបានដាក់បង្ហាញដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Nirmala Sitharaman នៅថ្ងៃទី២៣ ខែកក្កដា នៅពេលដែលវិសមភាពប្រាក់ចំណូលមានស្ថានភាពកាន់តែធ្ងន់ធ្ងរ និងអត្រាអត់ការងារធ្វើខ្ពស់ ទោះបីជាប្រទេសឥណ្ឌាមានកំណើនសេដ្ឋកិច្ចជិត ៨ភាគរយ និងទីផ្សារភាគហ៊ុនកំពុងរីកចម្រើនក៏ដោយ។
តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម X លោក Jairam Ramesh មេដឹកនាំជាន់ខ្ពស់នៃគណបក្ស Congress បានឲ្យដឹងថា ពន្ធ ២ភាគរយលើទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចំនួន ១៦៧នាក់ ដែលត្រូវបានប៉ាន់ប្រមាណរបស់ឥណ្ឌា អាចឡើងដល់ ១សែនកោដិរូពី (១៨ពាន់លានដុល្លារ) ឬប្រហែល ០,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។

ដោយជំរុញឲ្យរដ្ឋាភិបាលដំឡើងពន្ធលើអ្នកមានទ្រព្យធនឲ្យកាន់តែច្រើន លោក Ramesh បានលើកឡើងថា៖ «ចំនួនប្រមូលបាន អាចចំណាយសម្រាប់សាលារៀន មន្ទីរពេទ្យ ថាមពលកកើតឡើងវិញ និងការវិនិយោគសំខាន់ៗជាច្រើនទៀត»។
គួរបញ្ជាក់ថា ក្រុមស្រាវជ្រាវរបស់ស្ថាប័ន World Inequality Lab បានរាយការណ៍កាលពីដើមឆ្នាំនេះថា ទ្រព្យសម្បត្តិប្រមូលផ្ដុំនៅក្នុងដៃអ្នកមានបំផុតចំនួន ១ភាគរយនៃចំនួនប្រជាជនឥណ្ឌា គឺស្ថិតនៅក្នុងកម្រិតច្រើនបំផុត ក្នុងរយៈពេល ៦ទសវត្សរ៍៕