ចំបាប់៖ បើគ្មានការប្រែប្រួលទេ សហព័ន្ធកីឡាចំបាប់កម្ពុជានឹងរៀបចំការប្រមូលផ្ដុំហ្វឹកហាត់ ក្រុមជម្រើសជាតិរបស់ខ្លួននៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេសត្រៀមចូលរួមព្រឹត្តិការណ៍ធំៗ ៣ រួមទាំងស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធ។

លោក ធិន វិចិត្រ បានបញ្ជាក់ថា ដោយមានការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិ CAMSOC និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា សហព័ន្ធរបស់ខ្លួនបានរៀបចំទីលានហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោរួចហើយ នៅឡើយតែការបំពាក់ឧបករណ៍ហ្វឹកហាត់កាយសម្បទាប៉ុណ្ណោះ។ ដូច្នេះតាមការគ្រោងទុកនៅដើមសប្ដាហ៍ក្រោយ សហព័ន្ធនឹងអាចបើកយុទ្ធការប្រមូលផ្ដុំបាន។ អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា ពាក់ព័ន្ធគ្រូបង្វឹកថ្មីលោក Komeil Ghasemi កំពុងទន្ទឹងរង់ចាំជួបកីឡាករ-កីឡាការិនីដើម្បីធ្វើការហ្វឹកហាត់ជាមួយគ្នា។ ប៉ុន្ដែជារួមក្រោយធ្វើដំណើរមកដល់កម្ពុជា គ្រូបង្វឹកជនជាតិអ៊ីរ៉ង់រូបនេះបានធ្វើការងារច្រើនជាមួយសហព័ន្ធ ពិសេសការរៀបចំផែនការហ្វឹកហាត់ និងផែនការត្រៀមឆ្ពោះទៅស៊ីហ្គេមលើកទី៣១ នៅវៀតណាម, កីឡាអាស៊ីឆ្នាំ២០២២ នៅចិន និងស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

គួរបញ្ជាក់ថា ការប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងធ្វើឡើងលក្ខណៈបិទខ្ទប់ក្រោមការសម្របសម្រួល និងមើលការខុសត្រូវពីក្រសួងអប់រំ គណៈកម្មាធិការជាតិ CAMSOC និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះសហព័ន្ធជាច្រើន ពិសេសសហព័ន្ធកីឡាជាតិដែលពុំបានចេញទៅហ្វឹកហាត់ក្រៅប្រទេស នឹងបើកយុទ្ធការប្រមូលផ្ដុំហ្វឹកហាត់ជាបន្ដបន្ទាបន់នៅទីនោះ ដើម្បីសម្រួចសមត្ថភាពស៊ីហ្គេម និងការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជាតែម្ដង៕
អត្ថបទ៖ លី ឈុនឡា