ភ្នំពេញ ÷ ក្នុងឱកាសចូលរួមអបអរសាទរបុណ្យជាតិបារាំងនាយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលបានធ្វើឡើងនៅក្នុងស្ថានទូតបារាំងប្រចាំនៅរាជធានីភ្នំពេញឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងបារាំង នឹងកាន់តែរីកធំធាត់បន្ថែមទៀត
ខណៈទំនាក់ទំនាក់ដែលមានស្រាបរវាងប្រទេសទាំងពីរ នាពេលកន្លងមកបានផ្តល់នូវផលប្រយោជន៍ ដល់ប្រជាជន និងប្រទេសទាំងពីរបានល្អប្រសើរនោះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងថា«ខ្ញុំប្រាកដក្នុងចិត្តថាទំនាក់ទំនងពិសេសរវាងប្រទេស និងប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ(កម្ពុជា-បារាំង) ដែលមានលក្ខណៈជ្រាលជ្រៅរួចទៅហើយ នឹងបន្តរីកធំធាត់ ហើយផ្តល់នូវផ្លែផ្កាដែលយើងអាចទទួលផលយ៉ាងពេញលេញ»។
នៅក្នុងពិធីនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងតាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមមានកិត្តិយសក្រៃលែងក្នុងការសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះស្ថានទូតបារាំង ក៏ដូចជារាជរដ្ឋាភិបាលបារំាង ដែលបានខិតខំបំពេញការងារយ៉ាងច្រើនក្នុងគោលដៅចូលរួមចំណែកក្នុងសន្តិភាព ស្ថិរភាព និងការរីកចម្រើននៃប្រទេសកម្ពុជា ក្នុងអំឡុងប៉ុន្មានទសវត្សចុងក្រោយនេះ ជាពិសេសរាប់ចាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ ក្នុងពេលដែលសន្តិភាពទាំងស្រុងទទួលបានតាមរយៈការដាក់ឱ្យមាន «យុទ្ធសាស្រ្តឈ្នះឈ្នះ» បង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរថា ពាក់ព័ន្ធនឹងទំនាកទំនងទ្វេភាគីជាមួយប្រទេសកម្ពុជា ប្រទេសបារាំងដើរតួនាទីពិសេសក្នុងដំណើររីកចម្រើននៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ក្នុងន័យនេះ កាលពីឆ្នាំកន្លងទៅ ឯកឧត្តមពិតជាមានសោមនស្សរីករាយចំពោះការប្រារព្ធខួប៣០ឆ្នាំនៃវត្តមានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣។ ឯកឧត្តមបន្ថែមថា ជាការពិតណាស់ ទីភ្នាក់ងារAFD បានផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានយ៉ាងច្រើនដល់កម្ពុជាក្នុងការពង្រឹងការសម្របនឹងបម្រែបម្រួលអាកាសធាតុ ការបង្កើតឱ្យមានការងារ និងកំណើនសេដ្ឋកិច្ច ក៏ដូចជាជំនួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ។ ក្នុងន័យនេះ គម្រោងជាច្រើនត្រូវបានដាក់ឱ្យដំណើរការ ហើយចូលរួមចំណែកយ៉ាងធំធេងក្នុងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ដែលសម្រួលដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែតផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានជូនពរដល់ប្រទេសបារាំង ឲ្យទទួលបានជោគជ័យផងដែរ ក្នុងឱកាសដែលបារាំង នឹងមានរៀបចំព្រឹតិ្តការណ៍កីឡាអូឡាំពិក ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនាពេលខាងមុខនេះ ដោយឯកឧត្តមបានលើកឡើងថា ព្រឹត្តិការណ៍ទាំងនេះមិនត្រឹមតែអបអរឧត្តមភាពនៃកីឡាប៉ុណ្ណោះទេ ថែមទាំងអបអរសន្តិភាព សាមគ្គីភាព និងភាពចម្រុះនៃវប្បធម៌ផងដែរហើយឯកឧត្តមក៏មានជំនឿផងដែរថា ប្រទេសបារាំងនឹងទទួលស្វាគមន៍ព្រឹត្តិការណ៍កីឡាទាំងនេះ ប្រកបដោយដោយស្មារតីបើកទូលាយ និងភាពកក់ក្តៅដូចអ្វីដែលយើងរំពឹងទុកពីប្រទេសបារំាង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានប្រសិទ្ធពរជ័យដល់ប្រទេសបារាំង ឲ្យទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ តុលា ឆ្នាំ២០២៤ខាងមុខនេះផងដែរ។
អត្ថបទ ÷ បាន ចក








