
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្វែងរកការពង្រីកការគាំទ្រសម្រាប់ជំនួយយោធាសហរដ្ឋអាមេរិក ដោយបាននិយាយទៅកាន់អភិបាលរដ្ឋជាច្រើនរូប កាលពីថ្ងៃសុក្រថា មេដឹកនាំពិភពលោក គួរតែមើលឃើញដោយខ្លួនឯងនូវការសម្លាប់រង្គាលដែលបានកើតឡើង ចាប់តាំងពីរុស្ស៊ី បានឈ្លានពានប្រទេសរបស់លោក ក្នុងរយៈពេលជាង២ ឆ្នាំមកនេះ។
ការសុំអង្វររបស់លោក Zelenskyy នៅក្នុងកិច្ចប្រជុំរដូវក្តៅរបស់សមាគមអភិបាលរដ្ឋ នៅទីក្រុង Salt Lake City បានធ្វើឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំសម្ព័ន្ធយោធាណាតូ បានជួបប្រជុំគ្នានៅរដ្ឋធានីសហរដ្ឋអាមេរិក ដែលបានសន្យាផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន។
លោក Zelenskyy បានប្រាប់អភិបាលរដ្ឋថា «រឿងតែមួយគត់ ដែលយើងស្នើសុំគឺការគាំទ្រឲ្យបានគ្រប់គ្រាន់ មានប្រព័ន្ធការពារដែនអាកាសសម្រាប់ទីក្រុងនានារបស់យើង អាវុធសម្រាប់ទាហានស្រីប្រុសរបស់យើងនៅសមរភូមិ ការគាំទ្រក្នុងការការពារជីវិតប្រជាជន និងការកសាងឡើងវិញ។

នេះជាអ្វីដែលយើងត្រូវការដើម្បីទប់ទល់ និងរុញច្រានរុស្ស៊ីចេញពីទឹកដីរបស់យើង ហើយដើម្បីបញ្ជូនសញ្ញាខ្លាំងដល់អ្នកឈ្លានពានផ្សេងទៀត ដែលកំពុងមើលមកយើង។
សមាជិកសម្ព័ន្ធយោធាណាតូ ក្នុងសប្តាហ៍នេះ បានព្រមព្រៀងលើកម្មវិធីថ្មី ដើម្បីផ្តល់ជំនួយយោធាដែលអាចទុកចិត្តបានដល់ប្រទេសអ៊ុយក្រែន និងរៀបចំសម្រាប់សមាជិកភាពរបស់ប្រទេសនេះចូលក្នុងសម្ព័ន្ធណាតូ។ ពួកគេបានប្រកាសថា អ៊ុយក្រែនស្ថិតនៅលើមាគ៌ា ដែលមិនអាចត្រឡប់ក្រោយ ដើម្បីចូលជាសមាជិកសម្ព័ន្ធណាតូ។
ប៉ុន្តែសមាជិកគណបក្សសាធារណរដ្ឋជាច្រើនរូប រួមទាំងអតីតប្រធានាធិបតី លោក Donald Trump មានមន្ទិលសង្ស័យ ហើយក្នុងករណីមួយចំនួន បានប្រឆាំងទៅនឹងការបន្តជួយអ៊ុយក្រែនប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ ២០២២។
ប្រធានាធិបតី លោក Joe Biden បានលើកឡើងពីតួនាទីពិភពលោករបស់អង្គការណាតូ និងភាពខ្វែងគំនិតគ្នារបស់លោកជាមួយ លោក Trump ជុំវិញបញ្ហាអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំកំពូល។