
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានសន្យាចំពោះសហគមន៍អន្តរជាតិ កាលពីថ្ងៃសុក្រ សម្រាប់ការពង្រឹងការគាំទ្រ និងការផ្តល់មូលនិធិបន្ថែមទៀតសម្រាប់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា (UNRWA) សម្រាប់តួនាទីដែលមិនអាចខ្វះបានរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
លោក ហ្គុយតឺរេស បានធ្វើការអត្ថាធិប្បាយនៅក្នុងសន្និសីទសន្យារបស់ UNRWA ដែលធ្វើឡើងនៅទី ស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។ សន្និសីទនេះ ត្រូវបានធ្វើឡើង ដោយសារវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងររបស់UNRWA។ ទីភ្នាក់ងារនេះ បានប្រកាសកាលពីថ្ងៃពុធថា មូលនិធិរបស់ខ្លួនសម្រាប់ទ្រទ្រង់ប្រតិបត្តិការសំខាន់ៗ នឹងនៅមានរហូតដល់ចុងខែសីហាប៉ុណ្ណោះ។
នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំនេះ អ្នកចូលរួមទាំងអស់ បានរក្សាភាពស្ងៀមស្ងាត់មួយនាទីដើម្បីបង្ហាញការគោរពដល់បុគ្គលិក UNRWA និងជនរងគ្រោះផ្សេងទៀត ដែលត្រូវបានសម្លាប់ នៅក្នុងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលកំពុងបន្ត។

លោកបាននិយាយថា នេះ គឺជាពេលវេលាដ៏សំខាន់សម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បី «ឈានដល់កិច្ចព្រមព្រៀងមួយ» ខណៈដែលបុគ្គលិក UNRWA ប្រហែល ១៩៥នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលជម្លោះនេះ។
លោក ហ្គុយតឺរេស បានបញ្ជាក់ថា៖«នៅក្នុងលក្ខខណ្ឌដែលមិនអាចធ្វើទៅបាន និងនៅចំពេលមានទុក្ខសោករបស់បុគ្គលិកស្ត្រី និងបុរសនៃភ្នាក់ងារUNRWA បានបន្តការងាររបស់ពួកគេ ដោយក្លាហានតាមមធ្យោបាយ ដែលពួកគេអាចធ្វើបាន។ ពួកគេ គឺជាឆ្អឹងខ្នងនៃប្រតិបត្តិការមនុស្សធម៌ នៅតំបន់ហ្កាហ្សា។ ចំពោះអ្នកដែលបានសន្យាគាំទ្ររួចហើយ។ ខ្ញុំសូមអរគុណអ្នក ហើយការអំពាវនាវរបស់ខ្ញុំចំពោះអ្នកគ្រប់គ្នាគឺការពារ UNRWA ការពារបុគ្គលិករបស់ UNRWA និងការពារអាណត្តិរបស់ UNRWA រួមទាំងតាមរយៈការផ្តល់មូលនិធិ»។