
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃសុក្រ (ទី១២ ខែកក្កដា) ថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយប៉ាគីស្ថានសម្រាប់កម្មវិធីកម្ចីចំនួន ៧ពាន់លានដុល្លារ រយៈពេល ៣៧ខែ ក្នុងគោលបំណងពង្រឹងស្ថិរភាព និងកំណើនរួមបញ្ចូល នៅក្នុងប្រទេសអាស៊ីខាងត្បូង ដែលញាំញីដោយវិបត្តិនេះ។

មូលនិធិរូបិយវត្ថុអន្តរជាតិ បាននិយាយថា កម្មវិធីផ្តល់មូលនិធិបន្ថែមថ្មី គឺត្រូវអនុម័តដោយក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួន និងទទួលបាន«ការបញ្ជាក់ទាន់ពេលវេលានៃការធានាហិរញ្ញវត្ថុចាំបាច់ពីដៃគូអភិវឌ្ឍន៍ និងដៃគូទ្វេភាគីរបស់ប្រទេសប៉ាគីស្ថាន»។ កម្មវិធីនេះ នឹងរួមបញ្ចូលទាំងការបង្វិល ឬការផ្តល់ប្រាក់កម្ចីពីសម្ព័ន្ធមិត្តយូរអង្វែងរបស់ប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសចិន។
កិច្ចព្រមព្រៀងនេះ គ្របដណ្តប់ការចរចា ដែលបានចាប់ផ្តើម នៅក្នុងខែឧសភា បន្ទាប់ពីទីក្រុងអ៊ីស្លាម៉ាបាដបានបញ្ចប់កម្មវិធីរយៈពេលខ្លីចំនួន ៣ពាន់លានដុល្លារ ដែលជួយធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព និងបានជួយទប់ស្កាត់ការសងបំណុលសំខាន់ៗ។
ប្រទេសប៉ាគីស្ថាន ត្រូវបានញាំញីដោយវដ្តនៃការរីកដុះដាលនិងការធ្លាក់ចុះអស់រយៈពេលជាច្រើនទស្សវត្សរ៍ ដែលនាំឲ្យការមានការជួយស្តារពីស្ថានដ៏ធ្ងន់ធ្ងរពី IMF ចំនួន ២២លើក ចាប់តាំងពីឆ្នាំ ១៩៥៨ ហើយបច្ចុប្បន្នជាកូនបំណុលធំជាងគេទី៥ របស់ IMF ដោយជំពាក់ប្រាក់ ៦,២៨ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១១ ខែកក្កដា។ នេះបើយោងតាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)។