
លោក Hashem Haider ប្រធានក្រុមប្រឹក្សាភាគខាងត្បូង បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ បានបង្កការខូចខាតដល់ទៅជាង ១,៧ ពាន់លានដុល្លារ ចាប់តាំងពីភាពតានតឹងនៅតាមព្រំដែន បានកើនឡើង កាលពីដើមខែតុលាឆ្នាំមុន ។

លោក Haider បានរាយការណ៍ថា ការបំផ្លិចបំផ្លាញរួមមានអគារជាង ៣.000ខ្នង ជាមួយនឹងផ្ទះ ១២.000 ខ្នូងរងការខូចខាតមធ្យម និង ២០.000ខ្នង ត្រូវការការជួសជុលឡើងវិញ។ ការទម្លាក់គ្រាប់បែកទាំងនោះ ក៏ បានបំផ្លាញបណ្តាញផ្គត់ផ្គង់ទឹកចំនួន ១០ ដែលនាំឲ្យមានការខ្វះខាតទឹកស្អាតសម្រាប់អ្នកស្រុកចំនួន ១០ ម៉ឺននាក់។
លើសពីនេះទៀត មណ្ឌលថែទាំសុខភាពចំនួន ៦ និងសាលារៀនចំនួន ៧១កន្លែង ក្នុងតំបន់ ត្រូវបានបង្ខំឲ្យបិទដោយផ្នែក ឬទាំងស្រុង។
វិស័យកសិកម្ម បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយផ្ទៃដីជាង ១,២៤០ ហិកតា បានខូចខាត និងបាត់បង់សត្វពាហនៈចំនួន ៣៤០.០០០ក្បាល។