ភ្នំពេញ ៖ ក្នុងជំនួបជាមួយប្រធានរដ្ឋវៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា- វៀតណាម បញ្ជាក់ថា កម្ពុជា-វៀតណាមត្រូវបន្តជម្រុញកិច្ចសហប្រតិបត្តិការលើមិត្តភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា- វៀតណាម បានជួបពិភាក្សាការងារជាមួយឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋវៀតណាម នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីបន្តជម្រុញកិច្ចសហប្រតិបត្តិការលើមិត្តភាពទំនាក់ទំនងរវាង ប្រទេសទាំងពីរ។
នាឱកាសនោះ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានកោតសរសើរចំពោះ ការអភិវឌ្ឍរបស់កម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងការដឹកនាំនាពេលបច្ចុប្បន្នរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។
ឯកឧត្តមប្រធានរដ្ឋវៀតណាម ក៏បានអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៃការបោះឆ្នោតកន្លងមកនេះ។
ឯកឧត្តមប្រធានរដ្ឋវៀតណាម បញ្ជាក់ថា ប្រទេសវៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អ និងមានទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រដែលបានប្រឆាំងនឹងសត្រូវរួមគ្នា និងមានចំណងមិត្តភាព សាមគ្គីភាពគ្នាល្អលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា និងបានអបអរសាទរជាថ្មីចំពោះការតែងតាំង ឯកឧត្តម ជាប្រធានរដ្ឋកាលពីពេលថ្មីៗនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា តាមរយ:សមាគមមិត្តភាពនៃប្រទេសទាំងពីរ នឹងបន្តពូនជ្រំទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពជាបងប្អូន ជាអ្នកជិតខាងភូមិផងរបងជាមួយគ្នាយ៉ាងជិតស្និទ្ធ ដោយឈរលើស្មារតី«ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
សូមជម្រាបថា រយៈពេល២ថ្ងៃនៃការបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម បានចូលបានចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការដាច់ដោយឡែកជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។
ជាមួយគ្នានោះ ឯកឧត្តមប្រធានរដ្ឋ បានអញ្ជើញជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ជំនួបទាំងនេះ ត្រូវបានគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ។
អត្ថបទ សេក ឧត្តម






