ភ្នំពេញ ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រួមសហការជាមួយស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងមជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន ការិយាល័យទំនាក់ទំនងភ្នំពេញ បានប្រារព្ធពិធីបុណ្យតាណាបាតាក់ (បុណ្យផ្កាយ) ជាពិធីបុណ្យបែបប្រពៃណីជប៉ុន ដែលប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។
ពិធីបុណ្យនេះមានវត្តមានដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណុ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងភ្ញៀវកិត្តយសតំណាងពីស្ថាប័នជាតិ ស្ថាប័នជប៉ុនក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនជាច្រើនទៀត។
បើតាមអ្នកគ្រូ ជួប ណាឌី ប្រធានផ្នែកអប់រំវប្បធម៌និងភាសាជប៉ុន ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះថា ពិធីបុណ្យតាណាបាតាក់ (បុណ្យផ្តាយ) ជាពិធីបុណ្យបែបប្រពៃណីជប៉ុន ជារៀងរាល់ឆ្នាំគេធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ដើម្បីរំលឹកដល់ការជួបគ្នា នៃស្នេហាតារាពីរដួង ឈ្មោះ អូរិហ៊ីម៉ិ (Orihime) និងហ៊ីកូបូហ្ស៊ី (Hikoboshi) ដែលអ្នកទាំងពីរត្រូវបានបំបែកបំបាក់ដោយ ទន្លរអាម៉ាណូហ្កាវ៉ា (Amanogawa river) ដែលបង្កើតឡើងដោយ កាមិសាម៉ា (Kamisama) ដោយអនុញ្ញាតអោយអ្នកទាំងពីរជួបគ្នាបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ នៅពេលផ្ទៃមេឃស្រឡះ។ នៅក្នុងពិធីបុណ្យនេះផងដែរ ប្រជាជនជប៉ុន តែងតែសរសេរពាក្យប៉ងប្រាថ្នារបស់ខ្លួននៅលើក្រដាស និងដាក់បិទភ្ជាប់ទៅនឹងដើមឬស្សី។ ពួកគេជឿជាក់ថា បំណងប្រាថ្នារបស់ពួកគេនឹងក្លាយជាការពិតនៅអំឡុងពិធីបុណ្យតាណាបាតាក់។
ចំណែកកញ្ញា ស៊ីនីយ៉ា ពុទ្ធិការ ផ្នែកLogistics and event supporter និងនិស្សិត រិទ្ធ សុខរតនៈ សាកលវិទ្យាល័យភ្នំពេញសិល្បៈអន្តរជាតិ ពិធីបុណ្យតាណាបាតាក់ (បុណ្យផ្កាយ) ជាពិធីបុណ្យបែបប្រពៃណីជប៉ុន បានបង្ហាញចំណាប់អារម្មណ៍ខ្លួនយ៉ាងដូច្នេះថា ពួកគាត់ពិតជាសប្បាយរីករាយមែនទែន ដែលបានចូលរួមក្នុងវិធីនេះ ធ្វើជាយុវជនស្ម័គ្រចិត្ត ព្រោះថាកិច្ចការនេះ វាជាបទពិសោធន៍ និងបណ្តុះបណ្តាល បង្រៀនឲ្យចេះគ្រប់គ្រងអារម្មណ៍ និងចេះធ្វើការងារជាក្រុម ព្រមទាំងបានយល់ដឹងពីវប្បធម៌របស់ជប៉ុន និងការបង្កើនមិត្តភាពរវាងចំពោះ កម្ពុជា និងជប៉ុន។ ជាពិសេសក្នុងនាមជាយុវជន សូមជម្រុញដល់យុវជនជំនាន់ក្រោយ ចូលរួមការងារស្ម័គ្រចិត្ត ព្រោះវាគឺជាជំហានដំបូងមួយ មុនពេលដែលយើងចូលធ្វើការងារសង្គម ហើយណាមួយយើងអាចចេះធ្វើការងារជាមួយមនុស្សគ្រប់ផ្នែក មុនពេលដែលយើងបានរៀនចប់នៅសាកលវិទ្យាល័យផងដែរ។
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យនាឆ្នាំនេះ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក៏មានសកម្មភាពវប្បធម៌ និងការតាំងពិព័រណ៍ផ្សេងៗជាច្រើនផងដែរ ដើម្បីផ្តល់ឱកាសដល់ប្រជាជនខ្មែរបានស្គាល់ពីវប្បធម៌ជប៉ុន។ ដូចជា៖ ការតុបតែង និងការដាក់បង្ហាញស្រដៀងគ្នាទៅនឹងពិធីបុណ្យផ្កាយនៅក្នុងប្រទេសជប៉ុន, ទទួលយកបទពិសោធន៍ជាមួយវប្បធម៌ និងការផ្លាស់ប្តូរការអប់រំរវាងប្រទេសទាំងពីរ, បតក្រដាសអូរីហ្កាំមិ (Origami) និងការកាត់ក្រដាសគិរិហ្កាំមិ(Kirigami), ការសរសេរពីបំណងប្រាថ្នា និងដាក់ចងលើដើមឬស្សី, រៀនសរសេរអក្សរផ្ចង់ភាសាជប៉ុន, ទទួលយកបទពិសោធន៍ពាក់យូកាតា (សម្លៀកបំពាក់ទំនៀមទម្លាប់ប្រពៃណីរបស់ជប៉ុន), ចម្អិន និងភ្លក់អាហារ និងបង្អែមខ្មែរ-ជប៉ុន, រីករាយជាមួយកម្មវិធីកម្សាន្តផ្សេងៗបែបខ្មែរ និងជប៉ុន , ភ្លក់រស់ជាតិអាហារ និងភេសជ្ជៈ នៅតាមស្តង់លក់ម្ហូបអាហារខ្មែរ និងជប៉ុនជាច្រើន។
សូមរំលឹកផងដែរថា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ចាប់ផ្តើមប្រារព្ធពិធីបុណ្យតាណាបាតាក់នេះ ចាប់តាំងពីឆ្នាំ២០០៤មកម្លេះ។ ក្រៅពីពិធីបុណ្យនេះ មជ្ឈមណ្ឌលក៏មានប្រារព្ធពិធីបុណ្យផ្សេងៗជាច្រើនទៀតផងដែរ ដូចជាមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ពិធីបុណ្យសែនព្រះខែ និងពិធីបុណ្យប្រពៃណីខ្មែរ-ជប៉ុនជាច្រើនផ្សេងទៀត ដើម្បីជាផ្នែកមួយក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ក៏ដូចជាផ្តល់ឱកាសអោយប្រជាជនកម្ពុជាស្គាល់ពីវប្បធម៌ជប៉ុន និងប្រជាជនជប៉ុននៅក្នុងប្រទេសកម្ពុជាបានស្គាល់ពីវប្បធម៌ខ្មែរ៕
អត្ថបទ រដ្ឋា