
ការិយាល័យរបស់លោក Cho បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ) ហើយបានពិភាក្សាអំពីសម្ព័ន្ធភាពរបស់ប្រទេសទាំងពីរ និងវិធី ដើម្បីរួមគ្នាដោះស្រាយកិច្ចសហប្រតិបត្តិការ ដែលកំពុងកើនឡើងរវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី។
លោក Cho និង លោក Blinken បានជួបពិភាក្សាគ្នា នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីពិភាក្សាអំពីលទ្ធផលចុងក្រោយនៃកិច្ចប្រជុំកំពូលរវាងលោក ប្រធានាធិបតី Yoon Suk Yeol និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរទ្វេភាគី និងការឆ្លើយតបសម្របសម្រួលរបស់សម្ព័ន្ធមិត្តចំពោះទីក្រុងព្យុងយ៉ាង-មូស្គូ។ នេះបើតាមក្រសួងការបរទេសក្រុងសេអ៊ូល។

ជាពិសេស ពួកគេ បានវាយតម្លៃថា សេចក្តីថ្លែងការណ៍រួមដែលបានអនុម័ត បន្ទាប់ពីកិច្ចប្រជុំកំពូល បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោក Yoon និងលោក Biden ក្នុងការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះកិច្ចសហប្រតិបត្តិការខុសច្បាប់រវាងកូរ៉េខាងជើង និងរុស្ស៊ី។
កាលពីថ្ងៃព្រហស្បតិ៍ លោក Yoon បានជួបប្រជុំទ្វេភាគីជាមួយលោក Biden និងបានអនុម័តសេចក្តីថ្លែងការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសម្រាប់ក្រុមប្រឹក្សានុយក្លេអ៊ែរ ដែលបង្ហាញពីផែនការរបស់សម្ព័ន្ធមិត្ត និងការសម្របសម្រួលនៃការឆ្លើយតបនុយក្លេអ៊ែររួមគ្នា ក្នុងករណីមានការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង។