
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃសុក្រថា មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាសម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការគ្រប់គ្រងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ប្រឆាំងនឹងអ៊ីស្រា អែល ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះ លើទីក្រុងហ្កាហ្សា។
IDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្លាប់មានឈ្មោះ Ayman Showadeh គឺជាមេបញ្ជាការរងនៃកងវរសេនាតូច Shejaiya របស់ក្រុមហាម៉ាស នៅក្នុងជម្លោះបច្ចុប្បន្ន និងជាអតីតប្រតិបត្តិករសំខាន់ នៅក្នុងទីស្នាក់ការកណ្តាលប្រតិបត្តិការរបស់ក្រុមហាម៉ាស។
យោងតាមសេចក្តីថ្លែងការណ៍ លោក Showadeh បានដឹកនាំការវាយប្រហារជាច្រើនប្រឆាំងនឹងកងកម្លាំងការពារអ៊ីស្រាអែល។

IDF បានអះអាងថា បុរសម្នាក់នេះ គឺស្ថិតក្នុងចំណោម «ភេរវករ» ជាង ១៥០នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការ IDF នាពេលថ្មីៗនេះ នៅក្នុងសង្កាត់ Shejaiya នៃទីក្រុងនេះ។
យោធាអ៊ីស្រាអែល បានកំណត់គោលដៅលើសង្កាត់ Shejaiya ប្រហែលពីរសប្តាហ៍ ដើម្បីកម្ទេច «ក្រុមភេរវករ»សកម្ម និងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ។ កាលពីថ្ងៃពុធ យោធា បានប្រកាសថា ខ្លួនបានបញ្ចប់បេសកកម្មនៅ Shejaiya។