
នាវាចម្បាំងដែលចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកចិន-រុស្ស៊ី ដែលមានឈ្មោះថា «Joint Sea-2024» បានប្រមូលផ្តុំនៅកំពង់ផែយោធាក្នុងទីក្រុង Zhanjiang ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃសុក្រ។
ជាមួយនឹងក្រុមយោធាចិនធ្វើប្រតិបត្តិការ នាវាចម្បាំង Gromkiy (335) និង Rezkiy (343) របស់កងនាវាចរណ៍ប៉ាស៊ីហ្វិករបស់រុស្ស៊ី រួមជាមួយនឹងនាវាដឹកប្រេង Irkut បានចូលចតបណ្តើរៗ នៅកំពង់ផែប្រហែលម៉ោង ១១:00 នៅព្រឹកថ្ងៃសុក្រ។ ភាគីចិន បានរៀបចំពិធីស្វាគមន៍យ៉ាងកក់ក្តៅចំពោះកងនាវារបស់រុស្ស៊ី។

សមយុទ្ធនេះ មានគោលបំណងបង្ហាញពីការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់យោធា ក្នុងការរួមគ្នាដោះស្រាយការគំរាមកំហែងសន្តិសុខដែន សមុទ្រ និងរក្សាសន្តិភាព និងស្ថិរភាពពិភពលោក និងក្នុងតំបន់ ហើយវាត្រូវបានគ្រោងទុករហូតដល់ពាក់កណ្តាលខែកក្កដានេះ។
សមយុទ្ធនេះ ត្រូវបានបែងចែកជាបីដំណាក់កាល៖ ការជួបជុំគ្នា ការធ្វើផែនការ និងធ្វើការហាត់សមនៅសមុទ្រ។ ខណៈពេលដែលនៅសមុទ្រ ភាគីទាំងពីរ នឹងធ្វើសមយុទ្ធរួម រួមទាំងការឃ្លាំមើល និងការព្រមានជាមុន ការវាយប្រហារតាមសមុទ្រ ការការពារដែនអាកាស និងសមយុទ្ធប្រឆាំងមីស៊ីល។