អាហ្វហ្គានីស្ថាន៖ ក្រុមរដ្ឋអ៊ីស្លាមបានវាយប្រហារលើច្រកទ្វារអាកាសយានដ្ឋានក្រុងកាប៊ុល ក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហាដោយបានសម្លាប់ជនស៊ីវិលជាច្រើននាក់ និងទាហានអាមេរិកយ៉ាងហោចណាស់ ១៣នាក់ ហើយបានបណ្ដាលឲ្យមានចលាចលនៅក្នុងអាកាសយានដ្ឋាន ដែលមានជនជាតិអាហ្វហ្គានីស្ថានកំពុងអស់សង្ឃឹមរាប់ម៉ឺននាក់ចង់រត់គេចខ្លួន។

មន្ត្រីសុខាភិបាលទីក្រុងកាប៊ុលត្រូវបានដកស្រង់សម្តីដោយនិយាយថា ជនស៊ីវិល ៩០នាក់ត្រូវបានសម្លាប់។ វីដេអូដែលថតដោយក្រុមអ្នកសារព័ត៌មានអាហ្វហ្គានីស្ថាន បានបង្ហាញពីសាកសពរាប់សិបនាក់រាយប៉ាយជុំវិញប្រឡាយមួយ នៅគែមអាកាសយានដ្ឋាន។ សាក្សីបាននិយាយថា យ៉ាងហោចណាស់មានការផ្ទុះ ២លើកនៅតំបន់នោះ។ ក្រុមរដ្ឋអ៊ីស្លាមបាននិយាយថា ខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់របស់ខ្លួនបានដាក់គោលដៅលើ “ក្រុមអ្នកបកប្រែ និងសហការជាមួយកងទ័ពអាមេរិក”។ មន្ត្រីអាមេរិកក៏បានស្ដីបន្ទោសក្រុមនេះផងដែរ។

យោងតាមក្រុមន្ត្រីអាមេរិកបានឱ្យដឹងថា ចំនួនអ្នកស្លាប់ និងរបួសរបស់សហរដ្ឋអាមេរិកដែលកើនឡើងដល់ ១៣នាក់ពីចំនួន ១២នាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ត្រូវគេជឿថាជាចំនួនទាហានអាមេរិកស្លាប់ច្រើនបំផុតនៅអាហ្វហ្គានីស្ថាន ក្នុងឧបទ្ទវហេតុតែមួយចាប់តាំងពីបុគ្គលិក ៣០នាក់បានស្លាប់ នៅពេលឧទ្ធម្ភាគចក្រត្រូវបានបាញ់ទម្លាក់កាលពីខែសីហា ឆ្នាំ២០១១៕
អត្ថបទ៖ សុខមាន