ក្រុមនគរបាល បានឈរជើងនៅទីក្រុង Butler រដ្ឋ Pennsylvania សហរដ្ឋអាមេរិក រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោក Donald Trump រងការបាញ់ប្រហារត្រូវចំត្រចៀកស្តាំ អំឡុងការជួបជុំយុទ្ធនាការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ។
ករណីបាញ់ប្រហារនេះ បង្កឲ្យមានការតក់ស្លុតយ៉ាងខ្លាំង និងធ្វើឲ្យបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋម្នាក់នេះ ហូរឈាមដាបពេញមុខ មុនពេលលោកលើកដៃឡើងលើ ទំនងជានិយាយពាក្យ “ប្រយុទ្ធ! ប្រយុទ្ធ! ប្រយុទ្ធ!” ។
លោក Trump កំពុងបង្ហាញតារាងតួលេខជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែន នៅពេលដែលសំឡេងផ្ទុះឡើងក្នុងហ្វូងមនុស្ស ។
លោក Trump អាចត្រូវបានគេឃើញលើកដៃស្តាំឡើង ហើយមើលទៅមានឈាមនៅលើមុខរបស់លោក។ លោកបានឱនពួនយ៉ាងលឿននៅពីក្រោយវេទិកាសុន្ទរកថា ខណៈអង្គរក្សរបស់លោកបានប្រញាប់ប្រញាល់រត់ទៅលើឆាក ហើយហ្វូងមនុស្សបានស្រែកបន្ទរ ។ ស្នូរកាំភ្លើងបានបន្តខណៈអង្គរក្សចូលទៅជួយលោកទៅលើឆាក ។
កងអង្គរក្សរបស់សហរដ្ឋអាមេរិក និងភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត មិនបានឆ្លើយតបភ្លាមៗចំពោះសារសាកសួរនោះទេ ៕