បាល់ទាត់៖ ក្រុមសេះបង្កង់ Juventus បានប្រាប់ទៅកាន់ Cristiano Ronaldo ហើយថា ក្លិបនឹងលក់រូបគេក្នុងរដូវក្តៅនេះ តែក្នុងតម្លៃដែលសមរម្យមួយ។ ខ្សែប្រយុទ្ធព័រទុយហ្កាល់វ័យ ៣៦ឆ្នាំរូបនេះនៅសល់កិច្ចសន្យាមួយរដូវកាលចុងក្រោយជាមួយ Juventus។

អនាគតរបស់ Cristiano Ronaldo ចាប់ផ្តើមស្រពិចស្រពិលនៅពេលរូបគេបដិសេធមិនលេងប្រកួតដំបូងបើករដូវកាលអ៊ីតាលី Serie A ទល់នឹង Udinese។ ភ្នាក់ងាររបស់ Ronaldo, Jorge Mendes បាននិយាយថា ក្លិបនៅអឺរ៉ុបជាច្រើនបានទាក់ទងមកកាន់ Ronaldo ដែលរួមមានទាំង Manchester City និង Paris Saint Germain ផងដែរ។ មួយរយៈចុងក្រោយនេះសារព័ត៌មានមួយចំនួនបានចុះផ្សាយថា Ronaldo បានព្រមព្រៀងផ្ទេរចេញហើយ តែមិនបានបញ្ជាក់ថាក្លិបណាមួយនៅឡើយ។ Manchester City ត្រូវបានគេជឿថា ជាក្លិបឈានមុខគេក្នុងការនាំយកកីឡាករវ័យ ៣៦ឆ្នាំរូបនេះមកកាន់ Etihad Stadium នៅទីក្រុងដែលកេរ្តិ៍ឈ្មោះរបស់គេចាប់ផ្តើមល្បីជាមួយក្រុមគូប្រជែង Manchester United ចន្លោះឆ្នាំ២០០៣ ដល់ ២០០៩។
Cristiano Ronaldo ត្រូវបានគេដឹងថា កំពុងធុញថប់នៅ Juventus តាំងពីផ្លាស់ពី Real Madrid ៣ឆ្នាំមុនក្នុងតម្លៃ ៩៩.២លានផោន ពោលគឺគោលបំណងលើកពាន UEFA Champions League ជាមួយ Juventus មិនបានសំរេច និងថែមលំបាកជាងមុនទៅទៀតពោលគឺ Juventus ឡើងបានត្រឹម ៨ក្រុមចុងក្រោយ និងវគ្គ ១៦ក្រុមចុងក្រោយ ២ដង។ រដូវកាលមុន Juventus បាត់បង់ទាំងពាន Serie A ដែលធ្លាប់ឈ្នះ ៩ឆ្នាំជាប់គ្នាទៀតផង ខណៈ Inter Milan គឺជាជើងឯក៕
អត្ថបទ៖នាង សុភាវុធ