ក្រុមស៊ើបអង្កេត FBI និយាយនៅថ្ងៃនេះថា ទីភ្នាក់ងារសន្តិសុខនៅសហរដ្ឋអាមេរិក នៅពុំទាន់ត្រៀមខ្លួនរួចរាល់នោះទេ ក្នុងការផ្តល់អត្តសញ្ញាណរបស់ខ្មាន់កាំភ្លើងនៅពីក្រោយការព្យាយាមធ្វើឃាតអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ហើយពួកគេនឹងធ្វើសន្និសីទសារព័ត៌មាន ពេលណាដែលពួកគេមានជំនឿចិត្ត ១០០ភាគរយហើយនោះ ។

នៅក្នុងសន្និសីទសារព័ត៌មាន រយៈពេលប៉ុន្មានម៉ោង ក្រោយលោក Trumpរងការបាញ់ប្រហារអំឡុងការជួបជុំគ្នានៅរដ្ឋ Pennsylvania ភ្នាក់ងារពិសេសរបស់ FBIលោក Kevin Rojek និយាយថា នៅពេលនោះ ពួកយើងមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការបញ្ជាក់ថា ជនបាញ់ប្រហារជានរណានោះទេ ។

លោកបន្តថា ពួកយើងនៅជិតនឹងអត្តសញ្ញាណនោះ ហើយនៅពេលណាដែលពួកយើងមានជំនឿចិត្ត ១០០ភាគរយរួចហើយថាបុគ្គលម្នាក់នោះជានរណា ពួកយើងនឹងចែករំលែកនៅក្នុងសន្និសីទសារព័ត៌មាន ។
ក្រុម FBIនិយាយថា ពួកយើងនៅមិនទាន់ប្រាកដផងដែរពីមូលហេតុពីក្រោយការព្យាយាមធ្វើឃាតនេះ ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ២នាក់ផ្សេងទៀត រងរបួសធ្ងន់ ៕