បាតុករប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអែល រាប់ពាន់នាក់បានដើរតវ៉ាតាមដងផ្លូវកាលពីថ្ងៃសៅរ៍ (១៣ កក្កដា) ដោយអំពាវនាវឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ចុះចេញពីតំណែង។

នៅទីក្រុង តែលអាវីវ (Tel Aviv) ជាទីដែលលោក Netanyahu នៅតែគ្រប់គ្រងសំឡេងភាគច្រើនដ៏មានស្ថិរភាពនៅក្នុងសភា ក្រុមអ្នកតវ៉ាជាច្រើនបានគ្រវីទង់ជាតិអ៊ីស្រាអែល ខណៈពេលដែលអ្នកផ្សេងទៀតកាន់ស្លាកសញ្ញារិះគន់ការដោះស្រាយបញ្ហាសំខាន់ៗរបស់លោក Netanyahu ដូចជាការនាំយកចំណាប់ខ្មាំងត្រឡប់មកវិញពីតំបន់ហ្កាហ្សាវិញ និងការយល់ព្រមលើបទឈប់បាញ់។

ការតវ៉ាប្រចាំសប្តាហ៍បានកើនឡើងកាន់តែញឹកញាប់ នៅពេលដែលសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស នៅតែបន្តអូសបន្លាយ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៩០ នាក់នៅក្នុងតំបន់មនុស្សធម៌ដែលបានបង្កើតឡើងនៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍។ ជនភៀសខ្លួនដែលជ្រកកោននៅតំបន់នោះបាននិយាយថា តង់របស់ពួកគេបានខ្ទេចខ្ទីដោយសារកម្លាំងនៃការវាយប្រហារ ហើយមានសាកសពមនុស្សជាច្រើននៅពាសពេញដី។
អ្នករងរបួសជាច្រើននាក់ក្នុងការវាយប្រហារ រួមទាំងស្ត្រី និងកុមារ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ណាសសើ (Nasser) ដែលក្រុមមន្ត្រីមន្ទីរពេទ្យបាននិយាយថា មានអ្នកជំងឺលើសលប់រួចទៅហើយ និង «មិនអាចដំណើរការបានទៀតទេ» ដោយសារតែឥទ្ធិពលនៃការវាយលុករបស់អ៊ីស្រាអែល និងកង្វះខាតការផ្គត់ផ្គង់វេជ្ជសាស្រ្តធ្ងន់ធ្ងរ៕