ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា បំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម បានបាក់កប់លើរថយន្ត ១៦ កៅអីមួយគ្រឿង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងមនុស្សមួយចំនួនទៀតបានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ (១៣ កក្កដា)។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាមបានរាយការណ៍ថា ក្រុមជួយសង្គ្រោះរួមមានទាហាន និងប្រជាពលរដ្ឋខេត្ត ហាសាំង (Ha Giang) បានរកឃើញថាមនុស្ស ១១ នាក់បានស្លាប់ និង ៤ នាក់ទៀតរងរបួស។ របាយការណ៍បានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានបាននិយាយថា ចំនួនមនុស្សពិតប្រាកដនៅក្នុងរថយន្តនោះមិនត្រូវបានគេដឹងនោះទេ ហើយភ្លៀងធ្លាក់ខ្លាំងកំពុងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ បានឱ្យដឹងថា ភ្លៀងធ្លាក់ក្នុងកម្រិត ២៨០ មីលីម៉ែត្រ បានវាយប្រហារតំបន់នេះក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ទីភ្នាក់ងារនេះបានព្រមានអំពីទឹកជំនន់ដ៏គំហុក បំណាក់ដីដោយសារទឹកជំនន់ ឬចរន្តទឹកហូរខ្លាំងនៅក្នុងខេត្ត ហាសាំង, ឡាវកៃ (Lao Cai), ពៀនក័ង (Tuyen Quang) និង អៀនបៃ (Yen Bai)។

ប្រទេសវៀតណាម ងាយនឹងជួបគ្រោះមហន្តរាយធម្មជាតិណាស់ ដោយទឹកជំនន់ និងព្យុះទីហ្វុងបានសម្លាប់មនុស្សរាប់រយនាក់ក្នុងមួយឆ្នាំ។ គ្រោះធម្មជាតិបានសម្លាប់មនុស្ស ៣៨៩ នាក់ និងបង្ករបួស ៦៦៨ នាក់កាលពីឆ្នាំមុន នេះបើយោងតាមតួលេខរដ្ឋាភិបាល៕