ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ (១៣ កក្កដា) ថា មនុស្សប្រហែល ៩.០០០ ត្រូវបានជម្លៀសចេញនៅភាគឦសានប្រទេសកាណាដា ដោយសារតែចំហេះព្រៃដ៏ខ្លាំងក្លានៅតំបន់នោះ។ ប្រធានមន្ត្រីពន្លត់អគ្គីភ័យខេត្ត លោក ជេហ្វ ម៉ូទី (Jeff Motty) បាននិយាយថា អ្នកស្រុកនៃទីក្រុង ឡាប្រាដ័រ ស៊ីធី (Labrador City) និង វ៉ាប៊ូស (Wabush) ក្នុងខេត្ត ញូវហ្វោនលែន អែន ឡាប្រាដ័រ (Newfoundland and Labrador) ត្រូវបានបញ្ជាឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ។

លោក ម៉ូទី បាននិយាយថា «យើងកំពុងមើលឃើញចំហេះរាលដាលខ្លាំងនៅទីនោះ។ ភ្លើងកំពុងរំកិលក្នុងល្បឿនប្រហែល ៥០ ម៉ែត្រក្នុងមួយនាទី»។ រូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីរថយន្តជាច្រើនតម្រង់ជួរដែលកំពុងរង់ចាំចាក់ប្រេងនៅស្ថានីយ៍ប្រេងឥន្ធនៈត្រៀមជម្លៀស ខណៈដែលមេឃត្រូវបានបិទបាំងដោយពពកផ្សែងយ៉ាងធំ។

អ្នកស្រុកម្នាក់នៅទីក្រុង ឡាប្រាដ័រ បានប្រាប់ទូរទស្សន៍ CBC ថា៖ «វាពិតជារន្ធត់ណាស់ដែលបានឃើញផ្សែងច្រើនបែបនេះ»។ អាជ្ញាធរសហព័ន្ធបាននិយាយកាលពីថ្ងៃសុក្រ (១២ កក្កដា) ថា អាកាសធាតុអំណោយផលបានជួយកាត់បន្ថយកម្រិតចំហេះចាប់តាំងពីដើមរដូវក្តៅមក ប៉ុន្តែប្រទេសនេះកំពុងឈានចូលដល់រដូវចំហេះខ្ពស់បំផុតរបស់ខ្លួន។
ខេត្តមួយនេះបាននិយាយថា មានចំហេះសកម្មចំនួន ១១ កន្លែងនៅក្រុង ឡាប្រាដ័រ កាលពីល្ងាចថ្ងៃសុក្រ ហើយលក្ខខណ្ឌអាកាសធាតុបានបង្កើនចំហេះឱ្យកាន់តែខ្លាំងក្លា។ ទីក្រុង ឡាប្រាដ័រ ស៊ីធី ដែលមានទីតាំងនៅជិតព្រំដែនខេត្តកេប៊ិក (Quebec) មានប្រជាជនប្រហែល ៩.០០០ នាក់នៅក្នុងជំរឿនឆ្នាំ២០២១៕