នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ និងមានទីស្នាក់ការនៅក្រុង Shenzhen ប្រទេសចិន ។ នៅឆ្នាំ២០២២ ក្រុមហ៊ុន BYD បានផលិតរថយន្ត ចំនួន ៣លានគ្រឿង និងមានសាខានៅ៧០ប្រទេស ។ នៅទ្វីបអាស៊ី, ក្រុមហ៊ុន BYD មានរោងចក្រផលិត និងដំឡើងរថយន្តនៅប្រទេសចិន, ថៃ, ឥណ្ឌា, និងឥណ្ឌូណេស៊ី ។ ក្រុមហ៊ុន BYD Asia Pacific Auto Sales Division មានគម្រោងសាងសង់រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា ដែលអាចមានសមត្ថភាពដំឡើងរថយន្តចំនួន ២០ ០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទីផ្សារអន្តរជាតិ ។





