ក្រសួងបរិស្ថានបានឱ្យដឹងថា ព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញខាងត្បូងមិនត្រឹមតែជាអច្ឆរិយៈធម្មជាតិដ៏អស្ចារ្យតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយយ៉ាងសំខាន់នៃបេតិកភណ្ឌ និងជាប្រភពនៃមោទកភាពរបស់ជាតិខ្មែរ។ តំបន់ទេសភាពមួយនេះ សំបូរពោរពេញទៅដោយជីវិតសត្វព្រៃចម្រុះប្រភេទ និងជាដែនដីជម្រករបស់សហគមន៍ជនជាតិដើមភាគតិចជាច្រើនជំនាន់មកហើយ។ មិនថាប្រពៃណីឬរបៀបរស់នៅរបស់ពួកគេបានផ្សារភ្ជាប់យ៉ាងចាក់ស្រេះទៅនឹងដែនដីព្រៃដ៏ស្រស់ត្រកាល និងពុំទាន់រងការបំផ្លាញមួយនេះ។
ការចូលរួមការពារព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញមិនត្រឹមតែមានសារៈសំខាន់ក្នុងការរក្សាឱ្យបាននូវបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការធានាដល់ការរស់រានមានជីវិតនៃប្រភេទសត្វ រុក្ខជាតិ ក៏ដូចជាជីវៈចម្រុះជាច្រើនទៀត ដែលពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីមួយនេះ។ រីករាយសាទរ ក៏ដូចជាចូលរួមថែរក្សាព្រៃរងទឹកភ្លៀងរបស់កម្ពុជា៕



