ភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធ និងក្នុងតំបន់បាននិយាយថា យុវជនអាយុ ២០ ឆ្នាំនៅរដ្ឋ ផេនស៊ីលវេនៀ(Pennsylvania) ត្រូវបានគេសង្ស័យថាជាខ្មាន់កាំភ្លើងដែលប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃសៅរ៍ ដោយបានបាញ់ជាច្រើនគ្រាប់ និងបានសម្លាប់អ្នកទស្សនាយ៉ាងហោចណាស់ម្នាក់។ ជនសងស្ស័យត្រូវបានភ្នាក់ងារសេវាសម្ងាត់អាមេរិកបាញ់សម្លាប់។
ការិយាល័យសហព័ន្ធស៊ើបអង្កេត FBI កាលពីព្រឹកថ្ងៃអាទិត្យបានកំណត់អត្តសញ្ញាណជនសង្ស័យដែលត្រូវបានសម្លាប់នៅកន្លែងកើតហេតុថាឈ្មោះតូម៉ាស់ ម៉ាត់ស៊ូក្រុកស៍ (Thomas Matthew Crooks )មកពីតំបន់ បេ ថេលផាក (Bethel Park) ។
យោងតាមកំណត់ត្រារបស់រដ្ឋ យុវជន ក្រុកស៍ ត្រូវបានចុះឈ្មោះជាអ្នកបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋ ។ក្រុមមន្ត្រីស្រុកបាននិយាយថា ជនល្មើសបានបញ្ចប់ការសិក្សានៅវិទ្យាល័យនៅរដ្ឋ ផេនស៊ីលវេនៀ (Pennsylvania) កាលពីឆ្នាំ ២០២២ ។ យោងតាមមន្ទីរបញ្ចកោណបានឲ្យដឹងថា ជនសង្ស័យពុំមានទំនាក់ទំនងយោធាទេ។
យោងតាមប្រភពពីសមត្ថកិច្ចជាច្រើនបានឱ្យដឹងថា អាវុធដែលបានរកឃើញនៅកន្លែងកើតហេតុ គឺត្រូវបានឪពុករបស់ជនសង្ស័យទិញដោយស្របច្បាប់។
ប្រភពពីសមត្ថកិច្ចបានប្រាប់ទូរទស្សន៍ ABC News ថា អាជ្ញាធរបានរកឃើញវត្ថុបង្កឲ្យការព្រួយបារម្ភនៅក្នុងរថយន្តរបស់អ្នកបាញ់ប្រហារដែលចតនៅខាងក្រៅការជួបជុំនេះ។ ប្រភពបាននិយាយថា ក្រុមអ្នកបច្ចេកទេសគ្រាប់បែក និងអ្នកជំនាញផ្សេងទៀតត្រូវបានអំពាវនាវឱ្យធ្វើការស៊ើបអង្កេត ប៉ុន្តែគេមិនច្បាស់ថាតើវត្ថុទាំងនោះ គួរឱ្យសង្ស័យ ឬអាចបង្កគ្រោះថ្នាក់ឬយ៉ាងណានោះទេ៕

