អាមេរិក៖ ប្រធានាធិបតី Joe Biden កាលពីថ្ងៃព្រហស្បតិ៍បានផ្ញើសារយ៉ាងច្បាស់ ទៅកាន់អ្នកដែលបានវាយប្រហារនៅខាងក្រៅអាកាសយានដ្ឋានក្នុងរដ្ឋធានីកាប៊ុល ដែលបានបណ្តាលឱ្យសមាជិកកងទ័ពអាមេរិកចំនួន ១៣នាក់ស្លាប់ ខណៈដែលសន្យាថាការជម្លៀសនៅអាហ្វហ្គានីស្ថាននឹងបន្ត។

លោក Biden បាននិយាយទៅកាន់អ្នកវាយប្រហារថា ត្រូវចាំទុក។ យើងនឹងមិនអត់ឱនឲ្យឡើយ។ យើងនឹងមិនភ្លេចទេ យើងនឹងតាមប្រមាញ់អ្នក ហើយអ្នកត្រូវតែសងការខាតបង់នេះ។ លោក Biden បានស្ងៀមស្ងាត់មួយសន្ទុះដើម្បីគោរពដល់កងទ័ពអាមេរិក ដែលបានបាត់បង់ជីវិតដោយហៅពួកគេថាជាវីរបុរស និងជាការពលីដ៏ធំធេងសម្រាប់ប្រទេសជាតិ។ លោកបាននិយាយពីសេតវិមានថា ជីវិតដែលយើងបាត់បង់នៅថ្ងៃនេះគឺជាជីវិតដែលត្រូវបានពលីក្នុងការបម្រើឲ្យសេរីភាព សន្តិសុខ និងការលះបង់ដើម្បីសហរដ្ឋអាមេរិក។ លោក Biden បាននិយាយថា ស្ថានភាពនៅទីក្រុងកាប៊ុលនៅតែមានការវិវត្តកាន់តែធ្ងន់ធ្ងរ ហើយសហរដ្ឋអាមេរិកនឹងកំណត់គោលដៅលើទ្រព្យសម្បត្តិ មេដឹកនាំ និងទីតាំងរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS-K ជាសម្ព័ន្ធមិត្តរបស់ពួករដ្ឋអ៊ីស្លាម ដែលបានរាយការណ៍ថាពួកខ្លួនជាអ្នកវាយប្រហារភេរវកម្មនេះ។
ប្រធានាធិបតី Joe Biden បានប្តេជ្ញាកាលថ្ងៃព្រហស្បតិ៍ថា នឹងបញ្ចប់ការជម្លៀសពលរដ្ឋអាមេរិក និងអ្នកផ្សេងទៀតចេញពីប្រទេសអាហ្វហ្គានីស្ថាន បើទោះបីជាមានការវាយប្រហារដោយគ្រាប់បែកអត្តឃាត នៅអាកាសយានដ្ឋានកាប៊ុលក៏ដោយ។ លោកក៏បានសន្យាសងសឹកចំពោះការស្លាប់នេះ ដោយប្រកាសដល់ពួកជ្រុលនិយមដែលបានវាយប្រហារថា "យើងនឹងតាមចាប់ខ្លួនអ្នក ហើយនឹងឲ្យអ្នកសងវិញយ៉ាងស័ក្ដិសម"៕
អត្ថបទ៖ សុខមាន