អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទ (១៥ កក្កដា) នេះថា កុមារកាន់តែច្រើនមិនទទួលបានការចាក់វ៉ាក់សាំងដ៏សំខាន់សម្រាប់ជំងឺដូចជា រោគខាន់ស្លាក់ តេតាណូស និងជំងឺក្អកមាន់ កាលពីឆ្នាំមុន ដោយសារតែការកើនឡើងនៃជម្លោះនៅទូទាំងពិភពលោកបានរារាំងការផ្គត់ផ្គង់វ៉ាក់សាំងសង្គ្រោះជីវិត ដែលភាគច្រើននៅក្នុងតំបន់ដែលហែកហួរដោយជម្លោះ។

កុមារប្រហែល ១៤,៥ លាននាក់បានខកខានមិនបានចាក់វ៉ាក់សាំងក្នុងឆ្នាំ២០២៣ ធៀបនឹងតួលេខ ១៣,៩ លាននាក់កាលពីឆ្នាំមុននោះ នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ។ ទោះជាយ៉ាងណាក៏ដោយ ចំនួននេះគឺទាបជាងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ នៅពេលដែលកុមារប្រហែល ១៨ លាននាក់ខកខានមិនបានចាក់វ៉ាក់សាំង។

អង្គការសហប្រជាជាតិក៏បាននិយាយដែរថា កុមារចំនួន ៦,៥ លាននាក់បន្ថែមទៀតមិនទទួលបានវ៉ាក់សាំងច្រើនជាងមួយដូស ដែលមានន័យថាពួកគេមិនត្រូវបានការពារពេញលេញ។ សរុបមក ចំនួន ៨៤ ភាគរយប៉ុណ្ណោះនៃទារកនៅទូទាំងពិភពលោក បានទទួលវ៉ាក់សាំងពេញលេញរបស់ពួកគេកាលពីឆ្នាំមុន ដោយនោះស្ថិតនៅក្រោមកម្រិតចាំបាច់ដើម្បីការពារការរីករាលដាលនៃជំងឺ។
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និងអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីសប្តាហ៍មុន មុនការចេញផ្សាយទិន្នន័យនេះថា ជាពិសេសប្រទេសដែលរងគ្រោះដោយសង្រ្គាមបានឃើញការកើនឡើងយ៉ាងខ្លាំងនៃចំនួនកុមារដែលមិនត្រូវបានចាក់ថ្នាំបង្ការនៅឆ្នាំ២០២៣៕