អភិបាលក្រុងបាននិយាយថា ទីក្រុង ណូវ៉ូរ៉ូសស៊ីក (Novorossiisk) ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ក្បែរសមុទ្រខ្មៅ ត្រូវបានប្រកាសដាក់ក្នុងភាពអាសន្នកាលពីថ្ងៃអាទិត្យ (១៤ កក្កដា) ខណៈដែលចំហេះព្រៃបានរាលដាលពាសពេញផ្ទៃដីទំហំ ២២ ហិកតា។

កម្ដៅខ្ពស់ ខ្យល់បក់ខ្លាំង និងព្យុះផ្គររន្ទះស្ងួត បានបណ្តាលឱ្យមានចំហេះព្រៃនៅទូទាំងប្រទេសរុស្ស៊ី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រាប់ចាប់ពីតំបន់ដាច់ស្រយាល ទូវ៉ា (Tuva) នៅតំបន់ស៊ីបេរី ទៅដល់សាធារណរដ្ឋសាក់ខា (Sakha) ដែលត្រូវបានគេស្គាល់ថា យ៉ាគូទៀ (Yakutia) នៅចុងបូព៌ា។

រូបភាពដែលចេញផ្សាយដោយអភិបាលក្រុង ណូវ៉ូរ៉ូសស៊ីក លោក អាន់ឌ្រី ក្រាវឈិនកូ (Andrei Kravchenko) បានបង្ហាញពីក្រុមពន្លត់អគ្គីភ័យដែលកំពុងប្រយុទ្ធនឹងអណ្តាតភ្លើង និងការរីករាលដាលដ៏ធំនៃផ្ទៃដី និងដើមឈើដែលឆេះ។ លោក ក្រាវឈិនកូ សរសេរនៅលើបណ្ដាញតេលេក្រាមថា រថយន្តក្រុងត្រូវបានរៀបចំដើម្បីជម្លៀសមនុស្សប្រហែល ២០០ នាក់ពីតំបន់គ្រោះថ្នាក់ ហើយឧទ្ធម្ភាគចក្រកំពុងពន្លត់ភ្លើងនៅទូទាំងតំបន់ភ្នំ។
ចំហេះព្រៃបានរាលដាលពាសពេញតំបន់ ក្រាសស្នូដា (Krasnodar) ភាគខាងត្បូង ជាទីដែលក្រុង ណូវ៉ូរ៉ូសស៊ីក ស្ថិតនៅ និងមានទីតាំងនៅលើសមុទ្រខ្មៅ ជាទីដែលអ្នកទេសចរជនជាតិរុស្ស៊ីជាច្រើននាក់ទៅលេងកម្សាន្តកំឡុងខែរដូវក្តៅ៕