ផ្នែកមួយចំនួននៅភាគខាងជើង និងភាគឦសានប្រទេសឥណ្ឌា ត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់កាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា បន្ទាប់ពីទឹកទន្លេនៅក្នុងតំបន់បានហក់ឡើងហៀរច្រំាង ដោយសារតែភ្លៀងធ្លាក់ឥតឈប់ឈរនៅក្នុងតំបន់។

ផ្ទៃដីដាំដំណាំច្រើនហិចតាដ៏ធំល្វឹងល្វើយ នៅក្នុងស្រុក Morigaon នៅភាគឦសានរដ្ឋ Assam ត្រូវបានជន់លិច ខណៈមនុស្សជាច្រើនត្រូវភៀសខ្លួនចេញដោយសារទឹកជន់ហូរចូលក្នុងលំនៅឋាន របស់ពួកគេ។
របាយការណ៍ពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Assam បាននិយាយថា យ៉ាងហោចណាស់មនុស្ស៩២ នាក់បានស្លាប់ នៅក្នុងរដ្ឋ គិតត្រឹមថ្ងៃសៅរ៍ ។

ទន្ទឹមនឹងនេះ នៅតំបន់ មូហ្សាហ្វហ្វាពួរ(Muzaffarpur) ភាគខាងកើតរដ្ឋ Bihar ទឹកជំនន់ហូរចូលតំបន់លំនៅឋាន បណ្តាលឲ្យជន់លិចផ្លូវ សាលារៀន និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ដែលនាំឱ្យជីវិតអ្នកស្រុកជួបភាពជាប់គាំង។
ទន្លេជាច្រើន នៅក្នុងរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា ជិតឈានដល់ហៀរច្រាំង ខណៈទឹកហូរមកពីប្រទេសនេប៉ាល់ ដែលនៅជិតខាង។